
នាឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះដោយសារជំងឺដ៏កាចសាហាវនេះ ។
ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ និងលោកជំទាវ ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធនធានផ្ទាល់ដោយបានផ្តល់ជូននូវសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តម អភិបាលខេត្តក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។
ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុំព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភជាមួយប្រជាពលរដ្ឋដែលបាន វិលត្រឡប់មកពីបណ្តារាជធានី ខេត្តមានហានីភ័យខ្ពស់នៃជំងឺនេះផងដែរ ។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្ត បានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និង ក្រោយពេល មានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជំងឺកូវីដ-១៩ ដល់ត្រឹមថ្ងៃនេះមានចំនួន៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ២០នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៥៥នាក់។
ឯកឧត្តម អភិបាលខេត្តក៏បានសំណូមពរដល់ឯកឧត្តមអ្នកឧកញ៉ា ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង៕