
លោក ធិន នី វិធូរ អភិបាលនៃគណៈអភិបាលស្រុកវ៉ារិន បានឲ្យដឹងថា វត្តចំនួន ៣ ស្ថិននៅ ឃុំវ៉ារិន មានវត្តឆាយលាងវនារាម និងឃុំស្រែណូយ មានវត្តឧត្តមសាមគ្គី និង វត្តចំរើនមានជ័យសិរីសត្ថារាម ដែលជាវត្តទើបបង្កើតថ្មី មានព្រះសង្ឃគង់នៅចំនួន២៤អង្គ តាជីយាយជី ៣៤នាក់ បានជួបការខ្វះខាត ក្នុងបរិបទកូវីដ-១៩។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក នាក់ ណេរ៉ុន បានបញ្ជាក់ថាក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ២០២១ សំដៅឆ្ពោះទៅរក ការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឳកាសនៃការអភិវឌ្ឍន៍។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យទាន មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣០ និងទីអាស្រមចំនួន៦ ដែលជួបការកំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវបិណ្ឌបាតទាននៅវត្តក្នុងឃុំទាំងពីររបស់ស្រុកវ៉ារិន ដែលជាវត្តទើបបង្កើតថ្មី ក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា បានទទួលភោជនភ័ស្តុនេះ ។
លោក អភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ នូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិ បាល និងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ។
ទេយ្យទាន គ្រឿងឧបភោគបរិភោគ និង សម្ភារៈ រួមទាំងបច្ចយ័បានវេរប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករចាប់ពី ២៥០គីឡូក្រាម ដល់ ៣០០គីឡូក្រាម រួមមាន មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ វត្តនីមួយៗ ទទួលបាន ២លាន១សែនរៀលផងដែរ៕
