
តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុលអភិបាល នៃគណៈអភិបាលស្រុកពួក បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត ក្នុងនោះមាន វត្តព្រលិត ស្ថិតនៅក្នុងភូមិព្រលិត ឃុំរេីល , វត្តរកា ភូមិរកា ឃុំល្វា និងវត្តទួលខ្ពស់ ឃុំដូនកែវ មានព្រះសង្ឃសរុបចំនួន ៤៥អង្គ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក ង៉ាន់ ភិរុណ បានបញ្ជាក់ថា ក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការពីសហភាពសហព័ន្ធយុវជន និងបងប្អូនប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទកភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរក ការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ ក្នុងនេះគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប កំពុងដំណើរការអនុវត្ត ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យវត្ថុ មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣៦(វត្ត ៣០ និងអាស្រមចំនួន៦) ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារៈនៅវត្តព្រលិតថ្ងៃនេះ មានវត្តចំនួន ០៣ ហើយនេះគឺជាជំហានទី៣ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់ និងស្រុកអង្គរធំកន្លងមក ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំពីវិធានការការពាររបស់ក្រសួងសុខាភិបាល។
ទេយ្យវត្ថុរួមមាន ៖ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស ,ទឹកសុទ្ធ ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ អាកុល និង បច្ច័យ ២លានរៀល សម្រាប់វត្តនីមួយៗ ៕