
លោក អ៊ា ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា គជប បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីការបោះឆ្នោតសាកល្បងនេះឡើង គឺស្របតាមការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើប ហើយក៏សំខាន់ផងដែរ គឺស្ថិតក្នុងគោលបំណងសាកល្បងការអនុវត្តកម្មវិធី ចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សាកល្បងអនុវត្តឲ្យមានភាពច្បាស់លាស់ ការកំណត់សញ្ញាគាំទ្រគណបក្សនយោបាយ ដោយប្រើប៊ិគំនូសសញ្ញាគាំទ្របោះឆ្នោតនៅលើសន្លឹកឆ្នោត។
វគ្គបណ្តុះបណ្តាលនេះ ក៏ជាដំណើរនៃការសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ រួមទាំងដកបទពិសោធន៍ លើការអនុវត្តវិធានការទប់ស្កាត់ និងការពារទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ។ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ តែជាពិសោធន៍អនុវត្តកម្មវិធីទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាបការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។
វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះ ក្រៅតែពីការចូលរួមតាមដានស្វែងយល់លើឯកសារពន្យល់ទាំងនោះ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីពាក់ព័ន្ធ មន្រ្តីបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាល ហើយមានវត្តមានផងដែររតំណាងរបស់គណបក្សនយោបាយចំនួន៧ លើ៩គណបក្សដែលបានឈរឈ្មោះបោះឆ្នោតនៅមណ្ឌលសៀមរាប ព្រមទាំងតំណាងអង្គការខុមហ្រ្វែល ក៏មានវត្តមានផងដែរ៕