
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ខេមប្រ៊ូ ដែលបានផ្តល់ជូននូវសម្ភារក្នុងកិច្ចបម្រើដល់យុទ្ធនាការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌលចត្តាឡីស័ក ។
លោក អភិបាលរងខេត្តក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ២០២១នេះ អាជ្ញាធរខេត្តបានរៀបចំពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមានជំងឺកូវីដផងដែរ ។ ម៉្យាងទៀតលោកក៏បានសំណូមពរ ដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែក រំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។
ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានឲ្យដឹងផងដែរថា ក្នុងជំហានទី២ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប បានបន្តចាក់វ៉ាក់សាំងនូវដូសទី២ ជូនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង១២របស់ខេត្ត ។ ម្យ៉ាងទៀត ចំពោះសម្ភារទាំងនេះបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌលក្នុងក្រុង និងស្រុកផងដែរ ។ ក្នុងនោះលោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្ត សៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕