
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្ត សៀមរាប ក៏ដូច ជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុង ក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ។
ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទី ក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាបរួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
ឯកឧត្តម បានបន្តទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ ក្រុមការងារ JICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺបានរៀបចំជាសេចក្តីព្រាងផែនការចង្អុលផ្លូវ សម្រាប់ការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានជួយក្នុងការសិក្សាជាផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបផងដែរ។ ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។ ស្របតាមការស្នើសុំ (Proposal) ពីខេត្តសៀមរាបនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះ ហើយនឹងចាប់ផ្តើម អនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារ ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវបន្ទាប់ពីភាគីខេត្តសៀមរាប និងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិនមានការរង់ចាំ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃ ជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ៕