
ក្រុមការងារចម្រុះបានផ្ទៀងផ្ទាត់បង្គោលតំបន់បី ក្នុងឃុំចំនួនពីរដូចខាងក្រោម ៖
១-ឃុំល្វា ផ្ទៀងផ្ទាត់បាន ១១បង្គោល ក្នុងនោះបាត់ 3បង្គោល ទ្រេត ៧បង្គោល និងចំណុចខុសទីតាំង ១បង្គោល
២-ឃុំមុខប៉ែន ផ្ទៀងផ្ទាត់បាន ៦បង្គោល ក្នុងនោះបាត់ 3បង្គោល ទ្រេត 3បង្គោល។
បន្ទាប់ពីក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹករួចមក លោកង៉ាន់ ភិរុណ ក៏បានដឹកនាំកិច្ចប្រជុំបន្តនៅសាលាស្រុកពួក ដើម្បីពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២ និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកពួកក្នុងការទប់ស្កាត់ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមពី លោក អភិបាលស្រុក, អភិបាលរងស្រុក, នាយរដ្ឋបាលជលផល, អធិការនគរបាលស្រុក ,មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី, មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម, មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, មន្រ្តីមន្ទីរបរិស្ថាន, ខ័ណ្ឌរដ្ឋបាលជលផល, និងមេឃុំជាប់បឹងទន្លេសាបទាំងអស់ក្នុងភូមិសាស្ត្រស្រុកពួកផងដែរ។
លោក ង៉ាន់ ភិរុណ បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះកំណត់ចំណុចនិយាមការទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីយើងរៀបចំទិន្នន័យដាក់ជូនថ្នាក់ដឹកនាំសម្រេចបន្ថែម។ ម្យ៉ាងទៀតយើងក៏ត្រូវតែពិនិត្យឡើងវិញចំពោះស្រុកពួកដែលបានកាត់ឆ្វៀលដីកន្លងមកដែលមានចំនួន ១១៥១ហិចតា ស្មើរនឹង ៩២បង្គោល ប៉ុន្តែយើងចុះពីនិត្យជាក់ស្តែងឃើញតែ ៨៧បង្គោល នៅសល់៥បង្គោល ដូចនេះសូមក្រុមការងារបន្តរកចំណុចនិយាមការដែលបានបាត់នេះ ថាមកពីមូលហេតុអ្វី ឬបង្គោលទាំងនោះត្រូវដួលហើយលិចទឹក។
លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមការងារផងដែរ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចុះពិនិត្យ ស្រាវជ្រាវ និងកំណត់ចំណុចនិយាមការទាំងនេះ ហើយលោកក៏សំណូមណរដល់ក្រុមការងារទាំងអស់ត្រូវបន្តចុះស្រាវជ្រាវបន្ថែមទៀតរហូតដល់បេសកកម្មយើងបានជោគជ័យ៕