
លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆមាសទី១ ដែលរៀបចំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីមានឱកាស ក្នុងការរាយការណ៍ដល់ថ្នាក់ដឹកនាំ អំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។ ដូចនេះ អភិបាលរងខេត្តបានស្នើដល់ អស់លោក លោកស្រី ដែលមានវត្តមាននាពេលនេះ ចូលរួមឱ្យបានផុសផុលដើម្បីឱ្យកិច្ចប្រជុំទទួលបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក។
កិច្ចប្រជុំប្រចាំឆមាសទី១ ថ្នាក់ខេត្តស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ធ្វើក្នុងគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត ពាក់ព័ន្ធនឹងការអនុវត្តការងារគណនេយ្យភាពសង្គម របស់ផ្នែកផ្គត់ផ្គង់ រួមមាន រដ្ឋបាលខេត្ត ក្រុង ស្រុក និងវិស័យទាំង៣(រដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)៕