រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២

  • 357
  • ដោយ vannak

នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ចំនួន២៤នាក់ ក្រោមអធីបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់លើការងារវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា រួមមាន៖ ១- វិស័យអាទិភាព គ្រប់គងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២- វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤- វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័នមានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាម ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានសារសំខាន់ណាស់ក្នុងការផ្តល់នូវចំណេះដឹងពេញលេញជាមូលដ្ឋានគ្រឹះជូនលោក លោកស្រី ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទៅអនាកតផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់នៅក្នុងវគ្គនេះ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ ចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។ កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតនោះគឹ ពេលវិលត្រឡប់ទៅក្រុង-ស្រុកវិញ លោក លោកស្រីត្រូវយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ត ជូនដល់ក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិយើង។សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះផ្ដោតជាសំខាន់លើប្រធានបទមួយចំនួនរួមមាន៖ ១- អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ២- អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ៕

អត្ថបទទាក់ទង