
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងណែនាំដល់មន្ត្រីក្រុមការងារអនុវត្តចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និង កាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គររួចមក អង្គប្រជុំសម្រេចដូចខាងក្រោម ៖
-កម្លាំងជំនាញចុះទៅអនុវត្ត គឺធ្វើទៅតាមការកំណត់របស់គណៈកម្មការដែលបានធ្វើការណែនាំកន្លងមក ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យចូលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន កាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យកាន់តែយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ ។
-ការងារក៏ត្រូវកំណត់ការប្រមូលទិន្នន័យ និង បច្ចេកទេសនៃការវាស់វែង ឲ្យបានច្បាស់លាស់អំពីនិយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដី និង សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងកន្លែងដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។
-ចុះបញ្ជីក្បាលដីឲ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត ។
-ត្រូវមានកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ និងមេភូមិ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់អចលន ទ្រព្យទាំងនោះ និងគោរពឲ្យបាននូវការចាត់តាំងតាមក្រុមនីមួយៗ ដោយពេលវេលាចុះអនុវត្តការងារនេះមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដែលចុះអនុវត្តចាប់ពីថ្ងៃទី ១៨ ខែសីហានេះទៅ ។
-ក្រុមការងារ បច្ចេកទេសសុរិយោដី មកពីរាជធានីភ្នំពេញ , ខេត្តកំពង់ចាម , បាត់ដំបង , បន្ទាយមានជ័យ ,ខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយបានបែងចែកជា ៣២ក្រុម ដោយមានសមាសភាពចូលរួម ពីមន្ត្រីពាក់ព័ន្ធ៕