
មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញ អំពីកំណែទម្រង់កងកម្លាំងនគរបាលនៅចំណុចសំខាន់ៗ ៤ចំណុចមាន៖ ១.ធ្វើឲ្យបាននូវការប្រាកដប្រជា ក្នុងការជ្រើសរើសមន្រ្តីនគរបាលចូលក្របខ័ណ្ឌរដ្ឋ ដើម្បីធានាគុណភាព បន្ថែមលើនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំទាន់ពេញចិត្តមួយរយភាគរយនោះទេ ដោយការប្រឡងតែលេចចេញនៅមុខសកម្ម និងអសកម្ម តែបើប្រៀបធៀបកាលពីមុនគឺបានបោះជំហានទៅមុខ តែនៅកែទម្រង់ និងបន្តដោះស្រាយបន្ថែមទៀត។ ២.ក្រោយពីប្រឡងជាប់ក្រខណ្ឌហើយមិនទាន់អាចអោយទៅធ្វើការកើតទេ ត្រូវទទួលការបណ្ដុះបណ្ដាលជាមុនសិន ព្រោះនគរបាល គឺជាមន្រ្តីជំនាញមួយ ទាក់ទងនឹងសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ និងការកសាងប្រព័ន្ធយុត្តិធម៏នៅក្នុងសង្គម ការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។ ៣.ក្រោយបញ្ចប់ការពង្រឹង និងបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ នឹងត្រូវបានប្រគល់ភារកិច្ច បំពាក់ឯកសណ្ឋានផ្លូវការ បញ្ជូលក្របខណ្ឌពេញសិទ្ធ ហើយត្រូវស្ថិតក្រោមការវាយតម្លៃពីអង្គភាពរបស់ខ្លួនក្នុងការបំពេញការងារ រឺការតែងតាំងណាមួយ។ ៤.ការលើកសសើរ និងការដាក់ពិន័យ ដោយការលើកសសើរតាមរយះការឡើងតួនាទី ឋានន្តរសក្ដិជាដើម ការដាក់ពិន័យចំពោះមន្រ្តីខិលខូច មន្រ្តីណាដែរមិនល្អ ដែរធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវប្រឈមមុខនឹងការព្រមានលើកទី១ ទី២ បើមិនកែប្រែទេ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តសៀមរាប ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៤ នាពេលនេះ។ សម្តេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះ បណ្ដាល និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។ សម្ដេចក្រឡាហោម បានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗ ជាសិស្សនគរបាលទាំងអស់ ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យ សាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា និងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម បានឧបត្ថម្ភបន្ថែមនៅអគារសិក្សាចំណុះ ១០០នាក់ ១ខ្នង ទីលានហាត់បាញ់គ្រាប់ពិត ១កន្លែង រថយន្តភីកអាប់ ១គ្រឿង អគារស្នាក់នៅគ្រូ និងមន្រ្តី ១ខ្នង និងឧបត្ថមថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនគរបាល ដោយឡែកស្នងការនគរបាលខេត្តសៀមរាប បានឧបត្ថម្ភបន្ថែម ១០០លានរៀល ដល់សាលានគរបាលភូមិភាគ៤ផងដែរ៕