
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បច្ចុប្បន្ននេះ ស្ថានភាពភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបចាប់ផ្តើមមានភាពល្អប្រសើរជាបណ្តើរៗហើយ ប៉ុន្តែយើងនៅខ្វះអ្នកជំនាញសម្រាប់បំរេីឱ្យវិស័យទេសចរណ៍នេះ ។ ដូចនេះហើយទើបក្រសួងទេសចរណ៍បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈសម្រាប់ខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ” ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានស្ពូនកាហ្វេ ខេត្តសៀមរាប។ ហើយនេះជាឱកាស បង្ហាញអំពីការរួបរួមគ្នាយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍បង្កើតឱកាសការងារដល់យុវជន និងរួមគ្នាគៀងគរអ្នកជំនាញដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឱ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ខណៈកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តមានការកើនឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែងក្នុងរយៈពេល ០៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨៣.៨៥៤ នាក់ មានការកើនឡើង ១៣៥១,៧៧% និងជើងហោះហើរ ៥៥០ជើង មកកាន់ខេត្តសៀមរាប។ ដែលតាមរយៈទិន្នន័យនេះ បានបង្ហាញថា វិស័យទេសចរណ៍របស់ខេត្តសៀមរាបបានចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ នៅក្នុងបរិបទនៃការរស់នៅ ការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មទេសចរតាមបែបគន្លងថ្មី ។ បច្ចុប្បន្ន ក្រសួងទេសចរណ៍បានពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន អំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។ ដូចនេះ ការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ឡើងវិញសម្រាប់បម្រើរឱ្យវិស័យទេសចរណ៍នៅពេលនេះ ជាកត្តាមួយដ៍សំខាន់ ៕