
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់សុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បរិស្ថាន អនាម័យសាធារណៈទូទៅ សំខាន់ការខកខានរបស់កុមារតូចៗមិនបានរៀនសូត្រ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និង សហការគិតគូរដោះស្រាយ ។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាជំរុញដល់គ្រប់អង្គភាព-មន្ទីរ ស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺឆ្លងរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម។ល៕