
គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ កញ្ញាម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ។
ក្នុងនោះបងប្អូនដែលបានចេញពីជំរុំ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល កត្តាសំខាន់ លើការធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងរយៈពេល៥ថ្ងៃមកនេះ រកឃើញមានវិជ្ជមាន ០២នាក់ផងដែរ៕