
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកស្រី យូ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិការក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ព្រមទាំងដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក អធិការ កងរាជអាវុធហត្ថ ក្រុង-ស្រុក នាយប៉ុស្តិ៍ឃុំ-សង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួន១០១នាក់ ស្រី៣៧នាក់ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និង ពាក់ព័ន្ធ លើការអនុវត្តយន្តការរួម និង ការចូលរួមអនុវត្តច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរង គ្រោះ នៃអំពើជួញដូរមនុស្ស ។ ជាមួយគ្នានោះដែរ លោកស្រី យូ សុភា បានគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ប្រកបដោយឆន្ទះមោះមុត ក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ដើមី្បការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជនបរទេសគ្រប់រូប ដែលរស់នៅកម្ពុជា មិនឲ្យធ្លាក់ទៅក្នុងមហន្តរាយ ដោយអំពើទាសភាព សម័យថ្មីនេះបានឡើយ។ លោកស្រីបានបញ្ជាក់ជូនដល់កិច្ចប្រជុំទាំងមូល គឺត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនទូទៅនៅកម្ពុជា ដើមី្ប លើកកម្ពស់ការយល់ដឹងអំពីសភាពការណ៍ ល្បិចកល សកម្មភាពឧក្រិដ្ឋជនជួញដូរមនុស្ស និង ការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ដែលពេលកន្លងមកសមត្ថកិច្ចយើងគ្រប់ជាន់ថ្នាក់ បានពុះពារអនុវត្តភារកិច្ចនេះ សំដៅការពារកិត្តិយសសេចក្តីថ្លៃថ្នូរ និង ជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ កម្ពុជា បានល្អប្រសើរ និង លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីច្បាប់ស្តីពីការងារ ច្បាប់ការប្រឆាំងការ ជួញដូរមនុស្ស កម្លាំងពលកម្ម និង ច្បាប់អន្តោប្រវេសន៍ ច្បាប់បទដ្ឋានគតិយុត្តិចាំបាច់នានា ឲ្យបានចូលដល់ស្រទាប់មហា ជន សំដៅបំផុសចលនាឲ្យចូលរួម គោរពអនុវត្តច្បាប់ ឲ្យបានល្អទៀតផង ។
ក្នុងនោះដែរលោកស្រីបាន ជម្រុញដល់អាជ្ញាធរ សមត្ថកិច្ច ពីការផ្សព្វផ្សាយគោលនយោបាយ (ភូមិ ឃុំមានសុវត្ថិភាព) ឲ្យកាន់តែសកម្មផុសផុលបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ និង បំផុសឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង ជួញដូរពលកម្ម ព្រមទាំងអាជីវកម្មផ្លូវភេទនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ។ លោកស្រីក៏បានជម្រុញដល់សមាជិកនៃកិច្ចប្រជុំទាំងមូល ត្រូវបញ្ចេញមតិចូលរួម ពិភាក្សា ដើមី្បរកនូវធាតុចូល ដែលជាចលករមួយសម្រាប់សមត្ថកិច្ច និង អ្នកពាក់ព័ន្ធ បានយកទៅធ្វើការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង មានប្រសិទ្ធភាពខ្ពស់ទៀតផង ៕