
លោកស្រីអភិបាលរងខេត្ត ការរួបរួមសាមគ្គី ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា ក្នុងទស្សនវិស័យរួមគ្នាតែមួយ ក្នុងការលើកកម្ពស់ឯករាជ្យ អាព្យាក្រឹត្យភាព បូរណភាពទឹកដី ដើម្បីសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជានេះហើយ ទើបយើងបានពុះពារជម្នះគ្រប់ឧបសគ្គកន្លងមក រហូតប្រទេសជាតិយើងបានរួចផុតពីគ្រោះមហន្តរាយគ្រប់រូបភាពរហូតដល់សព្វថ្ងៃនេះ។ លោកស្រីបានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវស្មារតី សន្តោសប្រណី សាមគ្គីធម៌ បើកទូលាយ យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរដល់មនុស្សផងគ្នា តួរយ៉ាងគ្រប់សាសនាទាំងអស់ តែងតែនាំមកជាប្រយោជន៍ដល់ការកសាងនូវសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងក្នុងសង្គម ព្រមទាំងពង្រឹងស្មារតីមនុស្សគ្រប់រូប កុំឱ្យទន់ជ្រាយ ផ្តេកផ្តួល ចំពោះបញ្ហា និងត្រូវរឹងប៉ឹងរួមគ្នាតស៊ូ ជម្នះឧបសគ្គ ដោយមិនចុះចាញ់ ការញុះញង់បំពុលសង្គមពីក្រុមជនអគតិឱ្យបែកបាក់គ្នា និងឈានទៅដល់គ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាននោះឡើយ។ មួយវិញទៀត ថ្នាក់ដឹកនាំសាសនានីមួយៗ តែងតែផ្សារភ្ជាប់នឹងការអប់រំផ្លូវចិត្ត ដល់សាសនិកក្រោមឱវាទគ្រប់ជំនឿ និងនិកាយសាសនា ឱ្យចេះគោរព ស្រឡាញ់ សន្តោស ឱ្យតម្លៃគ្នា និងជួយគ្នាទៅវិញទៅមកដោយឥតរើសអើង និងអាចរស់នៅជាមួយគ្នាដោយសុខសាសន្ត នៅតាមគ្រួសារក្នុងសហគមន៍យ៉ាងល្អប្រសើរ។ លើសពីនោះទៅទៀតលោកស្រី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាសនាទាំងអស់ថា សូមកុំយកសាសនា ឬទីកន្លែងសាសនាដើម្បីធ្វើជាអាជីវកម្ម សម្រាប់ធ្វើការកេងប្រវ័ញ្ច ឬសម្រាប់ធ្វើការរំលោភបំពាននានា មួយវិញទៀតអ្នកគ្រប់គ្រងនៅតាមបណ្តាសាសនានីមួយៗត្រូវធ្វើការត្រួតពិនិត្យ និងរៀបចំឱ្យបានត្រឹមត្រូវទៅតាមច្បាប់ របស់សាសនា និងច្បាប់នៃព្រះរាជណាចក្រកម្ពុជា ជៀសវាងមានជនខិលខូចឆ្លៀតឱកាសយកទីតាំងសាសនា ដើម្បីប្រព្រឹត្តបទល្មើស៕