
ក្នុងកិច្ចប្រជុំនេះដែរ លោក យុន លីនណេ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ឆ្នាំ២០២០ ខេត្តសៀមរាបទទួល បានទេសចរអន្តរជាតិចំនួនប្រមាណ ៤០ម៉ឺននាក់ ថយចុះ ៨១,៨២%ធៀបនឹងឆ្នាំ២០១៩ប៉ុន្តែជាមួយនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយភាពជោគជ័យ ពិសេសប្រសិទ្ធិភាពនៃគោលនយោបាយចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកអភិបាលរងខេត្តបានថ្លែងនូវអំណរអគុណដល់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងសណ្តាប់ធ្នាប់សង្គម។
ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសង្គមបានល្អ រហូតឈានដល់មានការទទួលស្គាល់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក (ក្នុងចំណោម ១៦៦ប្រទេស) ដែលបានធ្វើឱ្យកម្ពុជាក៏ដូចជាខេត្តសៀមរាបយើងក្លាយជាគោលដៅសុវត្ថិភាពសម្រាប់ទទួលទេសចរជាតិអន្តរជាតិ។ ដើម្បីបន្តត្រៀមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះភ្ញៀវទេសចរចិនឱ្យកាន់តែប្រសើរឡើង សក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” កិច្ចសហប្រតិបត្តិការជាដៃគូរវាង (រដ្ឋ-រដ្ឋ) រវាង (រដ្ឋ និងឯកជន) គឺជាកត្តាគន្លឹះជាយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្ត ហើយយើងក៏ត្រូវស្វែងយល់អំពីអត្តចរិតរបស់ភ្ញៀវទេសចរចិនផងដែរ ដូចជា៖ភ្ញៀវទេសចរចិន មានលក្ខណៈទាន់សម័យ តែប្រកាន់ទំនៀមទម្លាប់ (និយមប្រើប្រាស់អនឡាញ (Online) ក្នុងការស្វែងរកគោលដៅទេសចរណ៍ និងអាចផ្តល់នូវបទពិសោធន៍ល្អៗ (Experiences) ដល់ពួកគាត់ក្នុងដំណើរកម្សាន្ត។ ភ្ញៀវទេសចរចិនត្រូវការសេវាកម្មមានគុណភាពខ្ពស់គោលដៅប្រកបដោយសុវត្ថិភាព(Safe)។