
ក្នុងកិច្ចស្វាគមន៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្ត ហើយសូម ស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា មេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឲ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឲ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% ហើយជាពិសេសគឺ ទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។ លោកបានបន្តទៀតថា នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តែលោកមានការព្រួយបារម្ភចំពោះ ក្រុង ស្រុក ឃុំសង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និង ការបន្ទោរបង់ពាសវាលពាសកាល នៅជាបញ្ហា ប្រឈមនៅឡើយ ។
មានប្រសាសន៍នោះដែរឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា ស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល មានចំនួន៣ ក្នុងខេត្តសៀមរាប ហើយ ឃុំ-សង្កាត់ នៃក្រុង ស្រុក ចំនួន៦ មានភូមិសាស្ត្រជាប់បឹង ទន្លេសាប នៅតែជួប និងបញ្ហាប្រឈមទៅលើអនាម័យ និង ការប្រើប្រាស់ទឹកស្អាត។ ឯកឧត្តមបានបន្តទៀតថា ដោយកង្វះអនាម័យនេះ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពបងប្អូន សំខាន់ចំពោះកុមារ ធ្វើឲ្យមានបញ្ហាក្នុងការលូតលាស់របស់កុមារ និង ជម្ងឺក្រិនជាដើម ។ ក្នុងនោះដែរ ឯកឧត្តមក៏បានលើកនូវសំណូមពរដល់អាជ្ញាធរក្រុង ស្រុក បន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក្នុងអនុវត្តអនាម័យ ស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំង ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិ ។ ម៉្យាងទៀតចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានបញ្ចប់ និងប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យ ប្រកបដោយនិរន្តរភាព ៕
+8