
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជិត ២៤ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមព្រះរាជាធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៦ហិចតា និងមានដើមឈើចំនួន ២,៤៦០ដើម ឧទ្យានសហស្សវត្សរ៍នេះ ជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ។
លោកជំទាវបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាង១៩០ប្រទេស គឺមានតែប្រទេសកម្ពុជាមួយគត់ ដែលមានឧទ្យាន និងមានដើមឈើរហូតដល់ជាង២,៤០០ដើមនេះ។ ហេតុនេះការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ផង និងចង់បណ្ដុះគំនិតដស់បងប្អូនប្រជាពលរដ្ឋ ពិសេស ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថានបៃតង សំដៅទៅមនុស្សម្នាក់ដាំដើមឈើមួយដើម សម្រាប់ធ្វើជាគំរូ និងទុកជាកេរដំណែលដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ ព្រៃឈើគឺជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរួមរបស់ពិភពលោកយើង មានព្រៃឈើ ពិភពលោកមានសម្រស់ មានជីវិតមនុស្ស សត្វ មានខ្យល់បរិសុទ្ធ មានទឹក រក្សាបាននូវលំនឹងនៃការបម្រែបម្រួលអាកាសធាតុ មានធនធាន និងមានអ្វីៗជាច្រើនទៀត ដែលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ព្រៃឈើ តែងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតពីបញ្ហានៃការបំផ្លាញនេះ ព្រមទាំងអំពាវនាវគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ហើយបានដាក់ចេញផងដែរនូវផែនការ ទេសចរណ៍ម្នាក់ ដើមឈើមួយដើម គឺដើម្បីស្ដារឡើងវិញនូវធនធានព្រៃឈើដែលបានបាត់បង់។
ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវបន្តថែរក្សាព្រៃឈើដែលមានស្រាប់ និងពុះពារដាំបន្តជាប្រចាំ ដើម្បីការពារបរិស្ថានធម្មជាតិរបស់យើង គឺដើម្បីយើង កូនចៅយើង ប្រទេសជាតិយើង និងពិភពលោកយើង នៅគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។