
ឯកឧត្តមបណ្ឌិតសភាចារ្យ ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជន និងកីឡា បានសម្ដែងនៅអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដែលបានចូលរួមចំណែកលើកតម្កើងឲ្យដំណើរការអង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូន តាមកម្មវិធីដែលបានគ្រោងទុក ព្រមទាំងកំណត់បាននៅទិសដៅ ភារកិច្ចសំខាន់ៗ សម្រាប់ជាត្រីវិស័យអនុវត្តបន្ត ដើម្បីធានាបាននៅការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាពប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន សម្ភារៈ ថវិការបស់សង្គមទាំងមូល ជាពិសេសពីគំនិតផ្ដួចផ្ដើមគំរូរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ នាយកនាយិកាសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មាតាបិតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅគ្រប់មូលដ្ឋានទូទាំងខេត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕