
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះដែរ លោក អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់មួយកម្រិតដ៏ធំថែមទៀតរហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “BRI (គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ)” ហើយស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលចិន បានក្លាយជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារផ្សេងៗដ៏ច្រើនសន្ធឹកសន្ធាប់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងជំនួបពិភាក្សានេះ រដ្ឋបាលខេត្តសៀមរាប ជាមួយប្រតិភូខេត្តហឺណាន និងប្រតិភូក្រុងZhengzhou នៃសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាដោយមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមក ដើម្បីពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យមួយចំនួនដូចជា ទេសចរណ៍ អប់រំ ពាណិជ្ជកម្ម កសិកម្ម និងវិនិយោគ ជាដើម។ លោកអភិបាលរងខេត្តក៏បានបន្ថែមផងដែរថា ខេត្តសៀមរាប បាននឹងកំពុងបន្តខិតខំប្រឹងប្រែងខ្លាំងជាងមុន ក្នុងការអភិវឌ្ឍ ការកែប្រែហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនជនជាតិចិន ជាមួយនឹងដំណើរការជាប្រក្រតីលើវិស័យសេដ្ឋកិច្ច-សង្គម និងវិធានការការពារ ដោយឈរលើគោលការណ៍រក្សានូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច ការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ផងដែរ៕