
នៅក្នុងកិច្ចជំនួបខាងលើ លោកស្រី ម៉ារីយាណា ហ្ការ៉ូហ្វាឡូ ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វ និងក្រុមការងារប្រតិភូ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងដំណើរការនៃប្រព័ន្ធកិច្ចការពារកុមារ ដោយផ្តោតសំខាន់ទៅការប្រើប្រាស់យន្តការទំនាក់ទំនង សម្របសម្រួល អន្តរាគមន៍ ការគ្រប់គ្រងករណី និងការផ្តល់សេវាកិច្ចការពារកុមារ ដែលមានពិការភាព កុមារដែលស្នាក់នៅក្នុងមណ្ឌលថែទាំជំនួស កុមារតាមម្តាយក្នុងពន្ធនាគារ និងបញ្ហានៃការបង្វែរកុមារពីក្នុងមណ្ឌលទៅសហគមន៍វិញស្របតាមផែនការរបស់រាជរដ្ឋាភិបាល។
ក្រុមការងារកិច្ចការពារថ្នាក់ខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តដោយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តទាំងច្បាប់ជាតិ អន្តរជាតិ ព្រមទាំងមានគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិ និងសេចក្តីណែនាំជាច្រើន ដើម្បីធ្វើការការពារផលប្រយោជន៍ឧត្តមប្រយោជន៍ និងការគោរពសិទ្ធិរបស់កុមារ ការកាត់បន្ថយ និងលុបបំបាត់នូវបញ្ហាដែលកើតមាន ដោយមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធដោយប្រើប្រាស់នូវកិច្ចអន្តរាគមន៍ជាពហុវិស័យ ព្រមទាំងប្រជាពលរដ្ឋដែលជាអាណាព្យាបាលកុមារ និងកុមារខ្លួនឯងផ្ទាល់ផងដែរ។ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាព និងជាក់លាក់ ក្នុងការជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពិសេសកុមាររងគ្រោះ និងងាយរងគ្រោះនោះ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំបង្កើតក្រុមការងារកិច្ចការពារកុមារ លេខ១៣៨/២១ សរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ព្រមទាំងបានរៀបចំជាផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ និងរយៈពេល០៣ឆ្នាំ (២០២៣-២០២៥) ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងគោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ (ឆ្នាំ២០១៩-២០២៩) ដោយមានការគាំទ្រជាបច្ចេកទេស និងថវិកាពីក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច ក្រសួងពាក់ព័ន្ធ រដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញ អង្គការយូនីសេហ្វ និងអង្គការដៃគូមួយចំនួនផងដែរ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ដែលមានកាតព្វកិច្ចលើ ការបង្ការ ទប់ស្កាត់ ការអន្តរាគមន៍ និងការផ្តល់សេវាឆ្លើយតប។
បន្ថែមពីនោះ រដ្ឋបាលខេត្ត ក៏បានជំរុញដល់មន្រ្តីជំនាញទាំងថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវាសមស្រប ដែលជាតម្រូវចាំបាច់បំផុតជូនជនរងគ្រោះ និងងាយរងគ្រោះ ពិសេសកុមារ និងកុមារមានពិការភាពប្រកបដោយបរិយាប័ន្ន។ លើសពីនោះទៅទៀត ក៏បានពង្រឹងការប្រើប្រាស់ប្រព័ន្ធបញ្ជូនទៅរកសេវាសមស្រប និងការចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ជាតិ អន្តរជាតិពាក់ព័ន្ធនានា ពិសេសច្បាប់ជាតិ ដែលមានស្រាប់ដូចជា ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ, ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គោលនយោបាយជាតិស្តីពី ប្រព័ន្ធនៃកិច្ចគាំពារកុមារជាដើម និងចំណុចសំខាន់មួយចំនួនទៀត ដូចជាការរៀបចំផែនទីសេវាសង្គម និងផែនការសកម្មភាព ផែនការថវិកា របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ និងការប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គមនៅថ្នាក់ឃុំ សង្កាត់ ឱ្យសមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសកុមារ៕
+15