
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានជម្រុញដល់មន្ទីរសុខាភិបាល មណ្ឌលសុខភាពត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងត្រូវពង្រឹងការងារហិរញ្ញវត្ថុដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និង មកទទួលសេវាពិនិត្យសុខភាពពីមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋផងដែរ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានថ្លែងថា នេះជាមោទនភាពដ៏ អស្ចារ្យ ក្នុងការបម្រើសុខភាព ជូនប្រជាពលរដ្ឋរបស់យើង ប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ លោកជំទាវក៏បានលើកផងដែរថា យើងនៅតែមានបញ្ហាដែលត្រូវខិតខំប្រឹងប្រែងបន្ដទៀត សំខាន់គឺការពង្រឹងនូវប្រព័ន្ធសុខាភិបាល សេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស មន្ទីរពិសោធន៍ និង ការពង្រឹងនូវអភិបាលកិច្ចល្អ» ហើយលើសពីនោះគឺការបន្ដប្រយុទ្ធនឹងជម្ងឺរុំារៃ និងជម្ងឺឆ្លងផ្សេងៗរួមទាំងជម្ងឺកូវីដ១៩ផងដែរ ។លោកជំទាវវេជ្ជបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកនេះ យ៉ាងយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ទទួលបានសមិទ្ធផលដ៏គួរជាទីមោទនៈ ។
លោកជំទាវវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ថា ឆ្លងតាមអង្គសន្និបាតនេះ យើងនឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ និងពិនិត្យផងដែរ នូវបញ្ហាប្រឈមដែលត្រូវជម្នះ ដោះស្រាយដោយមិនអល់ឯក ឬរង់ចាំ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព មូលដ្ឋានរបស់ខ្លួនឲ្យបានជោគជ័យ និងប្រសិទ្ធភាពបន្ថែមទៀត ព្រមទាំងបានផ្តលនូវអនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រី គ្រូពេទ្យ យកទៅអនុវត្តផងដែរ ។ ម៉្យាងទៀងកិច្ចការទាំងនេះ ក៏យើងទាមទានូវកិច្ច សហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនូវជម្ងឺឆ្លងគ្រប់ប្រភេទ ដើមី្ខសុខភាព របសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និង ទូទាំងប្រទេស ។
ក្នុងឱកាសនោះដែរលោកជំទាវវេជ្ជបណ្ឌិត បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកក្នុងស្រុកប្រតិបត្តិទាំងបួន និង មណ្ឌលសុខភាព ដែលមានស្នាដៃបំពេញការងារប្រមាណជាង៤០រូបផងដែរ ៕