
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប បានបញ្ជាក់អំពីលទ្ធផល ក្នុងការអនុវត្តរយៈពេលកន្លងមក ដោយបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ យើងនឹងទទួលបាននូវការពន្យល់ណែនាំ ចែករំលែកបទពិសោធន័នានា នឹង បានផ្តល់ចំណេះដឹងនិង បទពិសោធន៍ថ្មីៗថែមទៀត ដើម្បីយកទៅអនុវត្តបំពេញការងារជាក់ស្ដែងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសើរឡើងថែមទៀត។ លោកក៏បានលើកនូវសំណូមពរ មួយចំនួនស្នើសុំក្រសួងមានវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍និង ទូរគមនាគមន៍ ។
ក្នុងនាមតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក យុន លីនណេ បានបញ្ជាក់ថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តសៀមរាបយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយរយ:ពេលកន្លងមកយើងបានសហការជាមួយអ្នកពាក់ព័ន្ធបានចុះរៀបចំសោភ័ណភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណ:បណ្ដាញខ្សែអាកាសក្នុងក្រុងសៀមរាប។ ចំពោះវិស័យទូរគមនាគមន៍ គឺជាវិស័យមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងយុគសម័យនេះ ដែលជាចលករដើម្បីឈានទៅរដ្ឋាភិបាលឌីជីថល ដ៏យើងបានគិតគួរផងដែរ។ ដោយឡែកចំពោះវិស័យសេវាទូរស័ព្ទមានវិលាសភាពគ្របដណ្ដប់ទូទាំងខេត្តសៀមរាបក្នុងនោះ សេវាទូរស័ព្ទ និងអ៉ីនធឺណេតមានការរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ ដោយនៅក្នុងក្រុងសៀមរាបខ្សែអ៊ិនធឺណិតបានដាក់ចូលក្នុងបំពង់ក្រោមដីនៅលើផ្លូវសំខាន់ៗ ។ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរ អំពីការខ្វះចន្លោះនៃប្រព័ន្ធគ្រប់ដណ្តប់លើសេវាទូរស័ព្ទ នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដែលពុំទាន់មានសេវាទូរស័ព្ទ និងអ៉ីនធឺណេតគ្រប់គ្រាន់ គឺផ្នែកខ្លះ នៃស្រុក និង តំបន់ទេសចរណ៍ ដោយខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៍សំខាន់ក្នុងចំណោមខេត្តនានានឹងស្របពេល ដែលបច្ចេកវិទ្យាមានការរីកចំរើនសេវាទូរស័ព្ទ និងសេវាអ៉ីនធឺណេតពិតជាមានសារសំខាន់មិនអាចខ្វះបាន។
ឯកឧត្តម ខាយ ឃុនហេង បានបញ្ជាក់ថាការរៀបចំវគ្គសិក្ខាសាលានេះឡើង ដើម្បីពង្រឹងសមត្ថភាពឲ្យស្របទៅតាមការវិវឌ្ឍន៍និងការរីកចំរើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត គឺឆ្លុះបញ្ចាំងឲ្យឃើញនូវសារៈសំខាន់ នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ដែលមិនមែនតែនៅក្នុងកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងថ្នាក់តំបន់ និងសកលលោកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវការរីកចំរើន ដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា ក៏ដូចជាការវិវឌ្ឍនៃទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានជំរុញនូវផលិតភាព ដែលអាចធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជារាស្រ្តកម្ពុជា។ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅតែបន្តជាចលករសំខាន់មួយនាថ្ងៃអនាគត ស្របពេលដែលកម្ពុជាបានកំពុងប្រឹងប្រែងបំលែងខ្លួនឯងទៅជាសេដ្ឋកិច្ចឌីជីថល។ ជាសកលការគំរាមគំហែងតាមប្រព័ន្ធអុីនធឺណិតកាន់តែមានភាពស្មុគស្មាញ ហើយផលប៉ៈពាលកាន់តែធ្ងន់ធ្ងរផងដែរ មិនមាននរណាម្នាក់ អាចគេចផុតពីការវាយប្រហារតាមប្រព័ន្ធអុីនធឺណិតបានឡើយ ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យសមត្ថភាពធនធានមនុស្សរបស់យើងកាន់តែមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងតែកើតមានកាន់តែច្រើននៅលើអុីនធឺណិតក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានទទួលស្គាល់កង្វះខាតមួយចំនួន ដែលអាជ្ញាធរខេត្តលើកឡើង និង រាល់សំណូមពររបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តលើកឡើង ព្រមទាំងបានផ្តាំផ្ញើឲ្យអ្នកចូលរួមទាំងអស់ ក្នុងអង្គសិក្ខាសាលា ធ្វើការប្រឹងប្រែងទាញយកចំណេះដឹង និងបទពិសោធន៍ឲ្យបានច្រើនពីអ្នកជំនាញដែលបានមកបង្ហាត់បង្ហាញក្នុងពេលនេះ ៕