
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងនឹងសង្គម តែសារព័ត៌មានមួយចំនួន ក៏បានធ្វើការបំពុលសង្គមផងដែរ ។ លោកបានបន្តទៀតថា ថ្ងៃនេះគឺបានបង្កលក្ខណៈ ដល់បងប្អូនអ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបញ្ជៀសរាល់កំហុសឆ្គងក្នុងការសរសេរព័ត៌មាន ដើមី្បធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងសង្គម។ឈ
ឯកឧត្តម ខៀវ កាញារិទ្ធ បានធ្វើការក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ,ទី១ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ, ទី២ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។
ឯកឧត្តមបានបន្តទៀតថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យបង្ហាញពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ ប៉ុន្តែ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ ។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ ។