
ក្នុងកិច្ចពិភាក្សានាព្រឹកនេះដែល លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្ត បានថ្លែងផងដែរថា កន្លងមកក៏ដូចជាបច្ចុប្បន្ន ក្រោមកិច្ចដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថានិកនៃសន្តិភាព នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅនេះ ទោះបីមានឧបសគ្គដែលបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ទូទាំងប្រទេសក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជារបស់យើង គឺបានប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគសកលដែលកាចសាហាវនេះទទួលបានជោគជ័យ ធ្វើឱ្យស្ថានភាពប្រជាពលរដ្ឋមានប្រក្រតីភាពប្រសើរឡើងវិញ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៅផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការពុះពារជំនះ និងដាក់ចេញនូវគោលយោបាយគាំពារសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាក់ស្តែងដូចជាការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋ ការឧបត្ថម្ភរបបគោលនយោបាយជូនជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ ការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺ-១៩ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងរងសម្ពាធអតិផរណា។ល។ លោកបានបន្ថែមទៀតដែរថាកិច្ចប្រជុំពិភាក្សានាថ្ងៃនេះ នឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ចំណុចវិជ្ជមាន អវិជ្ជមាន មេរៀនបទពិសោធន៍ និងការបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ លើការងារផ្តល់សេវាសាធារណៈសម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជាជារួម និងដោយឡែក ក្នុងការបំពេញមុខងារភារកិច្ច ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងការតាមដានការចាក់វ៉ាក់សាំងរបស់អ្នកទទួលផលក្នុងឆ្នាំកន្លងទៅ។
កិច្ចប្រជុំពិភាក្សានេះនឹងផ្តល់ឱកាសជូនលោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់នូវជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំសំណូមពរ លោក លោកស្រី សមាជិក សមាជិកា នៃអង្គ-ពិភាក្សាទាំងមូល ត្រូវយកចិត្តទុកដាក់ចូលរួមតាមដាន ពិនិត្យ និងផ្តល់យោបល់ ដើម្បីបានជាធាតុចូលល្អៗ សម្រាប់ការអនុវត្តនូវមុខងារ ភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
កិច្ចពិភាក្សានេះដែលគឺធ្វើឡើង ក្នុងគោលបំណង៣គឺ១-បង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ និងទិន្នន័យដែលឆ្លើយតបទៅនឹងតម្រូវការ គោលនយោបាយ ដើម្បីលើកកម្ពស់សេវាសាធារណៈ សម្រាប់ក្រុមងាយរងគ្រោះ ២-លើកកម្ពស់ការពិភាក្សាអំពីការស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹងរវាងអ្នកតាក់តែងគោលនយោបាយ និងអ្នកពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និង៣បង្កើតបរិយាកាស អំណោយផលសម្រាប់តួអង្គក្នុងវិស័យស្រាវជ្រាវ បានជួបពិភាក្សា និង ពង្រីកបណ្តាញទំនាក់ទំនង ដើម្បីកសាងសហគមន៍ស្រាវជ្រាវនៅកម្រិតថ្នាក់ខេត្តផងដែរ៕