
បន្ទាប់ពីកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍របស់លោកវរៈសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រឡាញ់ បានបញ្ជាក់ថា អតីតយុទ្ធជនទូទាំងស្រុក សរុប ៣៤៥នាក់ សុំចូលជាសមាជិកសមាគម ២២៣នាក់ ព្រមទាំងបានចុះជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក និង ផ្តល់នូវថវិកាមរណៈសង្រ្គោះដល់ក្រុមគ្រួសារនៃសពទៀតផង។
មានប្រសាសន៍សំណេះសំណាលនោះដែរលោក នាក់ ណេរ៉ុន ក៏បានលើកផងដែរ អំពីការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករសន្តិភាព បានរៀបចំបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនបងប្អូននាពេលនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការគោរពដឹងគុណ នូវវីរៈភាពអង់អាចក្លាហាន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើមី្បជាតិមាតុភូមិ និង សន្តិភាព និងបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលី មរណៈ បានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។ លោកអភិបាលរងខេត្ត ក៏បាន លើកផងដែរ អំពីការកាត់ឆ្វៀលដីព្រៃលិចទឹក ក្នុងតំបន់បី ផ្តល់ជូនបងប្អូនដែលរស់នៅស្នាក់អាស្រ័យតាំងពីបុរាណកាលមក ឲ្យមានសិទ្ធិកាន់កាប់ និង ផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូន ដើមី្បប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ក្នុងគ្រួសារ។
ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។ ឯកឧត្តមបានយកឱកាសនោះ ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ ។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយ ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមរាល់ឯកសាររបស់ខ្លួន ដើមី្បទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ និង ចូលរួមជម្រុញកូនចៅរបស់ខ្លួនឲ្យបានចូលសិក្សា និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ
នៅក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និង ប្រតិភូ បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ទាំង៣៣១នាក់ ព្រមទាំងចែកជូនអំណោយដល់បងប្អូនអតីតយុទ្ធជន ទាំង៣៣១នាក់ ម្នាក់ៗទទួលបាន អង្ករ ១៥គីឡូក្រាម ថវិកា ៥ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕
+14