
ក្នុងអង្គសន្និសីទនោះដែរ លោកអភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីគ្រប់គ្រងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និង ការផលិតជីសរីរាង្គ រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក៏ដូចខេត្តសៀមរាប បានធ្វើការបង្ហាញជូនដល់អង្គសន្និសីទទាំងមូល អំពីការងគ្រប់គ្រង និង ការផលិតជីសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខមាលភាពសង្គម និង លើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយគម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្ម ជី(មមោគ) និង បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ ។ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ បានធ្វើការវាយតម្លៃខ្ពស់ លើបទបង្ហាញរបស់រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់នូវបទពិសោធន៍ ដល់បណ្តាខេត្តផ្សេងៗ ក៏ដូចប្រតិភូប្រទេសវៀតណាម និង ឡាវ យកទៅ សិក្សាអនុវត្តក្នុងប្រទេសរបស់ខ្លួន សំដៅលើកម្ពស់នូវបរិស្ថាន និង ការងារកសិកម្មទៀតផង។
មានប្រសាសន៍នោះដែរលោក អ៉ឹង គឹមលាង បានគូសបញ្ជាក់ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្មជីមមោគ) និង បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ ។ ម៉្យាងទៀត ក៏ជាការកែលម្អអនាម័យសាធារណៈ និង ក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។ ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជម្រុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ ។
លោក អភិបាលរងខេត្ត បានសំដែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះម្ចាស់ជំនួយនិងសមាគម អភិបាលក្រុងនិយម និយាយភាសាបារាំង (AIMF ) ទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស , រដ្ឋបាលខេត្តអូដឺសែន ,អង្គការសមាគម ទីភ្នាក់ងារជាតិ អន្តរជាតិ ដែលបានជួយជ្រោមជ្រែងលើផ្នែកបច្ចេកទេស ថវិកា សម្រាប់កិច្ចដំណើរការ ប្រកបទៅដោយភាពរលូ ទៅតាមផែនការដែលបានគ្រោងទុក ។ លោកមានការសង្ឃឹមជឿជាក់ថា ភាគីបារាំងនឹងបន្តជួយ គម្រោងដូចគ្នានេះនៅជំហានបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងក្រុងសៀមរាបផង និងបណ្តាស្រុកជុំវិញក្រុងសៀមរាបផង ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យ សំណង់ និងសេវាកម្មនានាយ៉ាងខ្លាំងក្លា ស្របជាមួយនឹងការបង្កើត ទីក្រុងរណបថ្មី នៅប៉ែកខាងកើត និងប៉ែកខាងជើងក្រុង ៕