
លោក សែត កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប វិបត្តិជំងឺកូវីដ-១៩ បានធ្វេីឱ្យវិស័យទេសចរណ៍រងគ្រោះធ្ងន់ធ្ងរជាងគេរហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរបរទេសមកកម្សាន្តនៅខេត្តសៀមរាប មានការធ្លាក់ចុះដែលអាចជួយឱ្យវិស័យមួយនេះមិនមានភាពប្រសើរនៅឡើយទេ ខណៈដែលប្រទេសជិតខាងមានភ្ញៀវទេសចរទៅកំសាន្ដច្រើនជាងប្រទេសកម្ពុជា។ លោកបន្ដថា បច្ចុប្បន្ននេះ អាជីវកម្មវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ក៏មិនទាន់បើកដំណើរការមួយភាគរយនៅឡើតទេ ពោលបានប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដូច្នេះសមាគមបង្កើតការជួបជុំគ្នានៅពេលនេះ ដើម្បីចែករំលែកអំពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកគន្លឹះនៅក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបបានច្រើន។ លោកបានបន្ដថា បច្ចុប្បន្នភ្ញៀវទេសចរនៅអាស៊ីមិនទាន់ឃើញវត្ដមានច្រើន ចូលមកទស្សនានៅខេត្ដសៀមរាប ប៉ុន្ដែនៅពេលព្រលានយន្ដហោះអន្ដរជាតិសៀមអង្គរ នឹងបើកដំណើរហើយនោះ នឹងអាចមានភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបបានច្រើន ព្រោះការហោះហើរមានភាពធំទូលាយ ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា បច្ចុប្បន្ននេះភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនៅមានចំនួនតិច និងមានរយៈពេលខ្លីទៀតផង ដូច្នេះទាំងវិស័យឯកជន និងរដ្ឋបាលខេត្តត្រូវលើកបញ្ហាទាំងឡាយមកដាក់នៅលើតុ ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ ដែលក្នុងនោះសមាគមក្លឹបទេសចរណ៍សៀមរាប ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសហការជាមួយស្ថាប័នផ្សេងៗ ក្នុងការបង្កើតបរិយាកាសល្អប្រសើររវាងផ្នែករដ្ឋ និងឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ការពារផលប្រយោជន៍ដល់ប្រតិបត្តិករក្នុងខេត្ត បង្កើតសកម្មភាពនានា ដើម្បីជួយជម្រុញទេសចរណ៌ក្នុងស្រុក និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបានច្រើន។
លោកអភិបាលរងខេត្តបានបន្តទៀតថា ពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប ដើរតួនាទីយ៉ាងសំខាន់ក្នុងគម្រោង SMART-CITY ហើយខេត្តសៀមរាបក៏នឹងក្លាយជាគំរូ ទីក្រុងឆ្លាតវៃសម្រាប់ទីក្រុងផ្សេងទៀតផងដែរ ជាមួយគ្នានោះសមាគមក្លឹបទេសចរណ៍បានចាត់ទុកថាជាដៃគូសាធារណៈ និង ឯកជនជាមួយរដ្ឋបាលខេត្តសៀមរាប លើកិច្ចការអភិវឌ្ឍទេសចរណ៍ ការជួយសម្រួលនិងពន្លឿនក្នុងការរៀបចំកម្មវិធីផ្សេងៗ ដែលផ្តល់ផលវិជ្ជមាន ដល់កំណើនទេសចរណ៍ស្របតាមគោលនយោបាយរដ្ឋាភិបាល ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពល ។ ម៉្យាងទៀតខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និង មានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្តទៀតផង។ កត្តាសក្តានុពលនេះ យើងត្រូវសួរថា តើយើងធ្វើអ្វីបាននៅក្នុងការពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា។ សម្រាប់រដ្ឋបានខេត្តសៀមរាប បានសម្រេចរំលាយចោលនូវរបាំងនានាមួយចំនួន ដែលរាំងស្ទះដល់វិស័យទេសចរណ៍ ដែលការសម្រេចនេះស្របតាមគោលនយោបាយទេសចរណ៍ថ្មី ក្រោយវិបត្តិកូវីដ-១៩ នៅកម្ពុជា៕