
លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ដូចជាផែនការយុទ្ធសាស្រ្តជាគន្លឹះជាច្រើន ដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសគឺជម្រុញដល់ការរីកចម្រើននូវសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនោះវិស័យដែលលេចធ្លោជាងគេនោះ គឺវិស័យទេសចរណ៍ ដោយហេតុថាខេត្តសៀមរាប គឺជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យ ដែលជាស្នាដៃដ៏ល្អឯកបន្សល់ទុកពីបុព្វបុរសខ្មែរយើង និងជាទឹកដីពោរពេញទៅដោយរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឲ្យតំបន់សៀមរាប-អង្គរនេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ចូលមកទស្សនាកម្សាន្ត។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិេសស ក៏បានលើកផងដែរថា ការទទួលបានរង្វាន់ទង់ បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី របស់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល គឺត្រូវពឹងផ្អែកលើការវាយតម្លៃរបស់ មូលនិធិសម្រាប់ការអប់រំបរិស្ថាន ដែលបានកំណត់ទៅលើការចូលរួមជាមួយសិស្សនៅក្នុងសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ជីវចម្រុះ ការអភិរក្សនិងនិរន្តរភាពនៅក្នុងសាលារៀននិងសហគមន៍។ ការអប់រំអំពីបញ្ហាសម្រាម និងកាកសំណល់ ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរ អាកប្បកិរិយាជាវិជ្ជមាន , លើកកម្ពស់ការអប់រំ និងការអភិរក្សព្រៃឈើ និង លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានលើកនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោល របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតសំខាន់ឆ្ពោះទៅការកសាងបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា សំដៅក្នុងកិច្ចអភិវឌ្ឍប្រទេសឲ្យមានភាពជឿលឿនដូចបណ្តាប្រទេសលើពិភពលោក ព្រមទាំងផ្តល់នូវយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលអ្នកពាក់ព័ន្ធទាំងអស់បានខិតខំជម្រុញអនុវត្តន៍ជាបន្តបន្ទាប់ សំដៅធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ និងមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថទាំងស្ថាប័នរដ្ឋ វិស័យឯកជន ចំពោះអនាម័យ និងបរិស្ថាន។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា តាមរយៈកម្មវិធី មូលនិធិសម្រាប់ការអប់រំបរិស្ថាន បានលើកទឹកចិត្តឲ្យមានការយល់ដឹង ចំណេះដឹង និង អាកប្បកិរិយានៃការព្រួយបារម្ភចំពោះបរិស្ថាន ជម្រុញអនាគតប្រកប ដោយនិរន្តរភាពបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៏បានបញ្ជាក់ថា បញ្ហាបរិស្ថាន អនាម័យ សុខភាពគឺជាកត្តាចំបងនៅលើភពផែនដីយើងនេះ ដោយបច្ចុប្បន្នត្រូវបានធ្វើការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីក ។ ជាក់ស្តែងក្នុងថ្ងៃនេះ នៅសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ត្រូវបានលែងប្រើប្រាស់សម្ភារៈប្លាស្ទីក ដែលធ្វើឲ្យសាលាមួយនេះ បានទទួលរង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ជាលើកដំបូងគេនៅលើ សកលលោកយើងនេះ ។ ក្នុងនោះ ដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់សិស្ស ក៏ដូចថ្នាក់ដឹកនាំទាំងអស់ ចូលរួមលើការផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន អនាម័យ សុខភាព ដល់ប្រជាពលរដ្ឋ ពីផលប៉ពាល់នៃការប្រើប្រាស់ប្លាស្ទីក ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលធ្វើ ឲ្យប៉ះពាល់ដល់បរិស្ថានភពផែនដីទៀតផង ៕