
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សាម ឡម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានធ្វើការវាយតម្លៃខ្ពស់ពីលទ្ធផលរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ក្នុងឆ្នាំ២០២៣ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន៥ចំណុច ជាមូលដ្ឋានសម្រាបសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបយកទៅអនុវត្តឱ្យចំគោលដៅ។
ឯកឧត្តម អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងឆ្នាំទី៥ អាណត្តិទី៣ បាននាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជំរុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណនៅមូលដ្ឋាន។ កិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំឡើង ដេីម្បីបង្កើនការយល់ដឹងអំពីការអនុវត្តតួនាទី ភារកិច្ចនិងការដាក់ចេញនូវផែនការអភិវឌ្ឍស្ថាប័ន តាមរយៈបូកសរុបនិងឆ្លុះបញ្ចាំង លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និង ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនិងសមាជិកពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នាទៅវិញទៅមកនិងកំណត់បាននូវបញ្ហាប្រឈមនិងរកដំណោះស្រាយ។
ឯកឧត្តមក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះដែរ ក៏សូមស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕