
បន្ទាប់ពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និង ទទួលសមាសភាពក្រុមប្រឹក្សាខេត្ត និង សេចក្តីប្រកាស ទទួលស្គាល់សមាសភាពប្រធាន និង អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាបរួចមក ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត បញ្ហា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្រុមក្មេងទំនើង បញ្ហាការតវ៉ារបស់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ អំពីបញ្ហាតម្លៃចូលទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ករណីចំណតសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៦ អាជីវករយកធ្វើទីតាំងដាក់ទំនិញរបស់ខ្លួន ករណីលំនៅដ្ឋានមិនទាន់រុះរើនៅតំបន់រមណីយដ្ឋានអង្គរ ករណីការបម្រើសេវាច្រកចេញចូលតែមួយនៅសល់ការងារវិស័យសាធារណៈការ និងសំណង់សុរិយោដី បញ្ហានៅតាមភោជនីយដ្ឋានយកផ្លូវថ្មើរជើងធ្វើជាចំណតរថយន្តក្រុង បញ្ហាការគ្រប់គ្រងផ្សារ និង ភ្លើង នៅផ្សារឃ្យុងយូរ ករណីផ្លូវខូចខាតខ្វះការថែទាំ ស្ថិតក្នុងដែនសមត្ថកិច្ចអប្សរា និង រដ្ឋបាលខេត្ត ព្រម ទាំងខ្វះការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលពហុកីឡាដ្ឋានខេត្ត និង បញ្ហាគ្មានគំនូស និង ចំណាំងផ្លាតភ្លើងចរាចរណ៍ នៅតាម ទីប្រជុំជនស្រុក ។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៦ បានអនុម័តទៅលើពង្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងបានអនុម័តទៅលើផែនការសកម្មភាព និង ផែនការថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃរដ្ឋបាលខេត្ត និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៤.២០២៦របស់រដ្ឋបាល ខេត្ត ព្រមទាំងបានអនុម័តលើសមាសភាពឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សាជាតិ និង ជា សមាជិកគណៈកម្មការទំនាក់ទំនងសាធារណៈរបស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសឯកឧត្តម សាម សុជាង ដែលបានទៅទទួលភារកិច្ចថ្មី ។
លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរលោកក៏បានជម្រាបទៅបងប្អូន ប្រកបរបរដឹកភ្ញៀវទេសចរណ៍ ពីតម្លៃក្នុងការចេញចូល នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប.អង្គរ ដោយស្មារតីកិច្ចប្រជុំរបស់អន្តរក្រសួន ត្រូវបានបញ្ចុះពី៣០% ទៅ៥០% លើផ្លូវ និងចំណត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕