
ក្នុងកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានជម្រាបដល់គណៈប្រតិភូ អំពីវិស័យសេដ្ឋកិច្ចរបស់ ខេត្ត មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍ វប្បធម៌ធម្មជាតិ។ ដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ ។ ម៉្យាងទៀតចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ទៅលើការ ងារសន្តិសុខ សុវត្ថិភាព ភ្ញៀវទេសចរណ៍ និង សន្តិសុខមូលដ្ឋាន ។ មានប្រសាសន៍នោះដែរលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូត ក៏បានធ្វើការបញ្ជាក់អំពីគោលបំណង របស់គណៈប្រតិភូ ដោយបានផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងលើកពីចម្ងាយផ្លូវពីក្រុងសៀមរាប ទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ផងដែរ។ ក្នុងនោះដែលសមាជិកនៃក្រុមគណៈប្រតិភូ ក៏បានលើកឡើង អំពីការងារសន្តិសុខ សុវត្ថិភាពក្នុងវិស័យទេសចរណ៍ និងពីចម្ងាយឆ្ងាយនៃព្រលានយន្តហោះថ្មី និងពីវិធានការក្នុងការបម្រើការដឹកជញ្ជូនភ្ញៀវយ៉ាងណាដែរ នៅពេលចំពោះមុខនេះ ។
ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខ សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និង គណៈប្រតិភូជាន់ខ្ពស់ ។ ខេត្តសៀមរាបជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត និង ជាទីកន្លែងធ្វើកិច្ចប្រជុំកំពូលៗ ថ្នាក់អាស៊ាន ដោយមានថ្នាក់ដឹកនាំប្រទេសកំពូលៗលើពិភពលោកមកចូលរួម និងដោយមានកិច្ចការពារសន្តិសុខបានល្អ ពុំមានហេតុការណ៍អ្វីកើតឡើង។ ម៉្យាងទៀតក្នុងពេលមានកិច្ចប្រជុំថ្នាក់កំពូលធំៗ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការរឹតបណ្តឹងលើការងារសន្តិសុខ សុវត្ថិភាព យ៉ាងតឹងរឹង និង មានកិច្ចសហប្រតិបត្តិការបានល្អជាមួយបណ្តាប្រទេសជិតខាង សំខាន់ប្រទេសថៃ ដែលមានភូមិផងរបងជាមួយគ្នា។ លោកក៏បានបញ្ជាក់ផងដែរ អំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្លូវទៅ កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និងគម្រោងផ្លូវរទេះភ្លើងល្បឿនលឿនខ្នាតតូច ដែលបានកំពុងធ្វើការសិក្សាផ្លូវ ចាប់ពីអាកាសយានដ្ឋានថ្មី ចូលមកក្រុងសៀមរាប ដើមី្បសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ។
ក្នុងនោះដែរលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ ក្នុងនាមតំណាងប្រតិភូអនុព័ន្ធយោធា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានធ្វើការចែករំលែក នូវបទពិសោធន៍ ក្នុងកិច្ចដឹកនាំ អភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្ត ។ ឱកាសនោះដែរក្រុមគណៈប្រតិភូ បានបន្តទៅទស្សនកិច្ចនៅទីបញ្ជាការយោធភូមិភាគទី៤ ជាបន្តទៀតផង ៕