ស្រុកប្រាសាទបាគងត្រូវបានដាក់ឈ្មោះតាមប្រាសាទបាគងដែលមានរាងពីរ៉ាមីតដ៏ល្បីល្បាញបានកសាងមុនសម័យអង្គរ និងជាប្រាសាទដ៏សំខាន់បំផុតនៃក្រុមប្រាសាទរលួសហើយជារាជធានីហរិហរាល័យរបស់អាណាចក្រខ្មែរនាសម័យនោះ ។ ក្រៅពីប្រាសាទបាគង ស្រុកនេះ មានប្រាសាទផ្សេងៗទៀតដូចជាប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទចៅស្រីវិបុលផងដែរ។
ក្រៅពីប្រាសាទស្រុកប្រាសាទបាគងមានតំបន់ទេសចរណ៍ជាច្រើនទៀតដោយគ្រាន់តែធ្វើដំណើរប្រមាណជា ១០គីឡូម៉ែត្រទៅ ២៥គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦ទៅភាគខាងកើតនៃខេត្តសៀមរាប។ ភ្ញៀវអាចស្វែងយល់អំពីជីវភាពរស់នៅរបស់អ្នកស្រុក តាមរយៈការស្នាក់នៅនឹងផ្ទះស្នាក់ ដែលផ្តល់នូវបដិសណ្នារកិច្ចយ៉ាងល្អតាមរបៀបខ្មែរ។ សណ្ឋាគារ Angkor Rural Boutique មានកន្លែងស្នាក់នៅប្រកបដោយផាសុខភាព និងផ្តល់នូវសេវាកម្មផ្សេងៗរឹតតែមិនអាចបំភ្លេចបាន ។ មានភោជនីយដ្ឋានដែលមានការរៀបចំយ៉ាងល្អ មានគុណភាព ភោជនីយដ្ឋានខ្លះប្រើប្រាស់បន្លែគ្មានជីគីមី ហើយក៏មានភោជនីយដ្ឋានបណ្តែតទឹកនៅកំពង់ភ្លុកដែលមានត្រី បង្គារស្រស់ផងដែរ។ ក្រៅពីនេះមានការបង្រៀនធ្វើម្ភូបបែបខ្មែរនៅតាមភោជនីយដ្ឋាន ផ្ទះស្នាក់ ជាដើម។
បន្ថែមពីលើនេះ ភ្ញៀវទេសចរ អាចធ្វើដំណើរដោយជិះរទេះគោ(ជាវិធីដឹកជញ្ជូនតាមប្រពៃណីនៅក្នុងតំបន់) ដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាជនកម្ពុជានៅជនបទ មើលការដាំបន្លែនៅក្នុងស្រុកពិសេសបន្លែស្លឹកដែលដាំច្រើនជាងគេនៅស្រុកនេះ ។ ជាមួយគ្នានេះក៏មានដូចជាការជិះទូកកំសាន្ដនៅតាមភូមិកំពង់ភ្លុក នៅបឹងទន្លេសាបដែលជាកន្លែងដ៏ទាក់ទាញផងដែរ។ ក្រៅពីនេះក៏មានរមណីយដ្ឋានផ្សេងទៀត ដូចជាបឹងត្រាវកុដ្ឋ ដែលជាកន្លែងដ៏ពេញនិយមសម្រាប់សម្រាកលំហែរកាយរបស់ប្រជាពលរដ្ឋក្នុងស្រុកនាថ្ងៃសម្រាក។