នៅព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២០នេះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ ក្នុងភូមិសាស្ត្រស្រុពួក ចំនួន២៣គ្រួសារ ក្នុងនោះរំលំ៣ខ្នង របើកដំបូល ១៩ខ្នង និង ឆេះផ្ទះ១ខ្នង ដែលធ្វើឡើងនៅទីវត្ត ពោធិរាម ហៅវត្ត ធិបតី ក្នុងឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង២៣ គ្រួសារ ទទួលបានឃីត១កញ្ចប់ អង្ករ៣០គក្រ , មី១កេស ,ត្រខ១យូរ អាយឺត ២ ,កន្ទេល១ ,ស័ង្កសី ១០សន្លឹក ថវិកា១០ម៉ឺនរៀល ក្នុងនោះអ្នកផ្ទះរលំទទួលលើសអ្នកផ្ទះរបើកដំបូលនូវ ស័ង្កសី១៦សន្លឹក ថវិកា ២០ម៉ឺនរៀល និង អ្នកភ្លើងឆេះផ្ទះ បន្ថែមធុងទឹក១គូ , ឆ្នាំង១ ស្លាបព្រា៥ , ចានបាយ៥ និង ថវិកា ៤០ម៉ឺនរៀល ។
ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ទាង អេង ទៀសីហា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះទាំងអស់ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះបងប្អូន ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមជានិច្ច កាកបាទក្រហមមានគ្រប់ទីកន្លែង ។
លោកជំទាវក៏បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ នៅកណ្ដោចកណ្ដែង និង ស្លាប់ដោយអត់អាហារ និង គ្មានទីជំរកនោះឡើយ ។ លោកជំទាវ បានបន្ថែមទៀតថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាសងទៅនឹងការខូចខាត ការខ្វះខាត របស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។
ក្នុងពិធីចែកអំណោយនោះ ក៏មានការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើមថ្មី កូវិដ១៩ ផងដែរ ដែលជាពិសេសនោះក្រៅតែពីការអប់រំធ្វើអនាម័យជាជាប្រចាំ ការជួបជុំមិនចាំបាច់ត្រូវបានហាមឃាត់ ហើយក្នុងករណីសង្ស័យ ទៅពិគ្រោះពិនិត្យនៅមណ្ឌលសុខាភាព ហើយអ្វីដែលសំខាន់ គឺត្រូវយល់ដឺងអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងក្នុងគ្រួសារ និងរីករាលដាលក្នុងសហគមន៍ ៕