រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំប្រកាសសមាសភាពគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស

  • 17
  • ដោយ vannak

នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ លោក សំកុល សុចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគណ:បញ្ជាការដឹកនាំរួម ដើម្បីអនុវត្តផែនការ លេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សន្តិបណ្ឌិត បានអនុញ្ញាតឱ្យប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម អានផែនការអនុវត្តលេខ០០៣ផក និងឯកសារពាក់ព័ន្ធ។ បន្ទាប់មក ឯកឧត្តម សន្តិបណ្ឌិត បានប្រគល់ភារកិច្ចជូនឯកឧត្តម ផុន លីវិរ: អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឱ្យធ្វើបទបង្ហាញជូនអង្គប្រជុំអំពី សំណូមពរក្នុងការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត។ បន្ទាប់មកទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឡើងថ្លែងមតិយោបល់ដោយណែនាំ និងស្នើសុំឲ្យភាគីពាក់ព័ន្ធជួយសម្របសម្រួល និងសហការអនុវត្តការងារអធិការកិច្ចជនបរទេស ការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្ត និងសំណូមពរការងារចាំបាច់មួយចំនួនទៀត។

ក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានដាក់សំណូមពរ និងទិសដៅការងារដល់គណៈបញ្ជាការដឹកនាំរួម ដែលមានខ្លឹមសារដូចខាងក្រោម:១. សូមរាយការណ៍ជូនអភិបាលរាជធានី ខេត្ត ដែលមិនមានវត្តមានចូលរួមផ្ទាល់ ឲ្យបានជ្រាបអំពីខ្លឹមសារនៃកិច្ចប្រជុំនេះ។២. សូមរដ្ឋបាលរាជធានីខេត្ត ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានដល់ជនបរទេសអន្តោប្រវេសន្ត ដើម្បីអាចយកទៅប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃបាន។៣. សូមប្រើប្រាស់យន្តការអង្គភាពថ្នាក់ក្រោមជាតិដែលមានស្រាប់ ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការអនុវត្តផែនការនេះ។៤. ស្នើរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការអនុវត្តទៅតាមភូមិសាស្តរៀងៗខ្លួន។៥. សូមរៀបចំបូកសរុបរបាយការណ៍ប្រតិបត្តិការ និងផ្ញើមកលេខាធិការដ្ឋានជាប្រចាំដើម្បីធ្វើការបូកសរុបវាយតម្លៃ និងគោរពរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ជ្រាប និងផ្តល់អនុសាសន៍ដឹកនាំបន្ត។

អត្ថបទទាក់ទង