រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រធានក្រុមការងារទី ៩ ចុះមូលដ្ឋានខេត្តសៀមរាប ណែនាំដល់រដ្ឋបាលស្រុកស្រីស្នំ និងស្រុកក្រឡាញ់ត្រូវបន្តពង្រឹងការងារភូមិ​ ឃុំមានសុវត្ថិភាពបន្ថែមទៀត

  • 26
  • ដោយ vannak

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅសាលាស្រុកស្រីស្នំ និងសាលាស្រុកក្រឡាញ់ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី ៩ ចុះមូលដ្ឋានខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបរបាយការណ៍ត្រីមាសទី៣ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ឆ្នាំ២០២៤ និងលេីកទិសដៅសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ នៅស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលស្រុកស្រីស្នំ មន្ទីរ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាលស្រុក បញ្ជាការមូលដ្ឋានកងរាជហត្ថស្រុក មេប៉ុស្តិ៍ មេឃុំ និងមេភូមិ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី ៩ ចុះមូលដ្ឋានខេត្តសៀមរាប បានណែនាំក្រុមការងារមួយចំនួនដូចខាងក្រោម:១.ធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពសន្តិសុខទូទៅ និងលទ្ធផលអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងស្រុកស្រីស្នំ ដោយ លោក អធិការដ្ឋាននគរបាលស្រុក។២.គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រីស្នំ ត្រូវបន្តជំរុញ ពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។៣.ពង្រឹងការគ្រប់គ្រង ត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗ ឲ្យមានប្រសិទ្ធភាព។៤.ត្រូវរៀបចំផែនការសកម្មភាពជាក់ស្ដែង ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។៥.ពង្រឹងការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។៦.អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវសហការពង្រឹងអង្គការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានា បានល្អប្រសើរ និងប្រសិទ្ធភាព។៧.ត្រូវពង្រឹងការត្រួតពិនិត្យ តាមដានបញ្ហាអនាម័យ និងគុណភាពអាហារ នៅតាមបណ្ដាលសាលារៀន និងតាមទីសាធារណៈនានា។៨.យកចិត្តទុកដាក់ណែនាំដល់មន្ត្រីផ្ដល់សេវា គ្រូពេទ្យដែលប្រើភាសាសម្តីមិនសមរម្យដល់ប្រជាពលរដ្ឋ និងអ្នកជំងឺ ឲ្យមានសីលធម៌ល្អ និងគោរពលក្ខន្តិក:វិជ្ជាជីវៈជាពេទ្យឲ្យបានល្អប្រសើរ ដើម្បីចៀសវាងបញ្ហា មានការអន់ចិត្តពីប្រជាពលរដ្ឋ។៩.ត្រូវពង្រឹងការរៀបចំ និងបង្កើនកម្លាំងប្រជាការពារភូមិ និងត្រូវយកចិត្តទុកដាក់ណែនាំអប់រំពីគោលការណ៍ច្បាប់ដល់ពួកគាត់។១០.មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវជៀសវាងការធ្វើការកៀបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ធ្វើបាបប្រជាពលរដ្ឋ។១១.បន្តពង្រឹងការផ្សព្វផ្សាយ តាមដានស្រាវជ្រាវ និងការអនុវត្តវិធានការច្បាប់ចំពោះបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ឲ្យបានមឹងម៉ាត់ មានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយឋាននានា។

អត្ថបទទាក់ទង