នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំប្រជុំប្រចាំត្រីមាសី១ និងប្រចាំខែមេសា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំង មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប ៥៧នាក់ ស្រី ៣៦នាក់។
កិច្ចប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារលើជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ផ្អែកទៅតាមបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖
១. ស្នើឲ្យក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ពិនិត្យលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ដែលមានជីវភាពខ្វះខាតខ្លាំង (ត្រូវកំណត់អំពីតម្រូវការរបស់ពួកគាត់ និងកំណត់គ្រួសារដែលជាអតិភាព ដែលត្រូវជួយគាំទ្រជាធនធានឬ បច្ចេកទេស) និងធ្វើការទប់ស្កាត់ការវិលត្រឡប់ទៅក្រៅប្រទេសវិញ ក្នុងអំឡុងពេលវិរុសកូវីដ១៩ កំពុងមានការផ្ទុះឡើងលើពិភពលោក ពិសេសប្រទេសគោលដៅដែលពួកគាត់ត្រូវធ្វើចំណាកស្រុក។
២. ស្នើឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការការពារ ពិសេសធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ អំពីការរីករាលដាលនៃវិរុសកូវីដ១៩។
៣. ស្នើឲ្យមន្ទីរសង្គមកិច្ច ស្នងការនគរបាលខេត្ត រដ្ឋបាលក្រុង អង្គការមូលនិធិអេ២១ និងអង្គការពាក់ព័ន្ធ សហការគ្នាក្នុងការរៀបចំទុក្ខដាក់ និងមានវិធានការលើអាណាព្យាបាលដែលយកកូន ឬកុមាដើរសុំទាន នៅក្នុងខេត្ត។
៤. ស្នើឲ្យគ្រប់អ្នកពាក់ព័ន្ធបន្តសហការ ក្នុងការផ្តល់ព័ត៌មាន និងគាំទ្រលើការបង្ក្រាបករណីរំលោភបំពានលើស្រ្តី និងកុមារ ឬអំពើជួញដូរមនុស្ស ផ្ញើមកតាមរយៈក្រុមការងារដោយជាលាយល័ក្ខអក្ស (ជាផ្លូវការក៏បានឬមិនទាន់ផ្លូវការក៏បាន ដើម្បីក្រុមការងារធ្វើស៊ើអង្កេត)។
៥. ស្នើឲ្យក្រុមការងារធ្វើការកែសម្រួលសមាសភាពក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក (សមាភាពមួយចំនួនបានចូលនិវត្តន៍ ឬ ផ្លាស់ប្តូរអង្គភាព) ដើម្បីការអនុវត្តការងាររបស់លេខាធិការដ្ឋានកាន់តែមានប្រសិទ្ធិភាព។