រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អាជ្ញាធរខេត្តសៀមរាប ជម្រុញអាជ្ញាធរ មូលដ្ឋានបន្តរួមគ្នាអនុវត្តវិធានការទប់ស្កាត់រលកទី២នៃការរាតត្បាតជម្ងឺកូវីដ១៩ ទៅក្នុងសហគមន៍

នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំ កិច្ចប្រជុំស្តីពីវឌ្ឍភាពស្ថានភាពទូទៅនៃវិធានការការពារ ការបង្ការទប់ស្តាត់ នៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប អភិបាល នៃគណៈអភិបាលក្រុង/ស្រុក និងលោក លោកស្រីប្រធានមន្ទីរដែរពាក់ព័ន្ធទាំងអស់។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានបង្ហាញរបាយការណ៏ស្តីអំពីករណីប្រឈម ដែលទើបនឹងកើតឡើងថ្មីៗនេះថាមានជនខិលខូចមួយចំនួនតូចជាមេខ្យល់ បានអូសទាញឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ឲ្យវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញ ។ ប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋស្រុកក្រឡាញ់មួយចំនួន បានចាញ់ឧបាយកលនៃការអូសទាញនេះ រួចទៅហើយធ្វើឲ្យប្រជាពលរដ្ឋទាំងនោះខាតបង់លុយកាក់និងពេលវេលាឆ្លងកាត់ការធ្វើចត្តាឡីស័កដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃជាថ្មីម្តងទៀតផងដែរ ។ លោកស្រីបញ្ជាក់ថា ករណីនេះ អាជ្ញាធរស្រុកបានចាត់វិធានការដោយមានសហការជាមួយកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមឆបោកនោះផងដែរ។

យ៉ាងណាក៏ដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងនូវការលើកទឹកចិត្តដល់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ជំនះរាល់លំបាកទាំងឡាយដើម្បីសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថា បើទោះជារលកទី១នៃការនាំចម្លងចូលត្រូវបានកាត់ផ្តាច់ ក៏ប៉ុន្តែយើងត្រូវបង្កើនការទប់ស្កាត់រលកទី២ នៃការឆ្លងជម្ងឺកូវីដ-១៩ទៅក្នុងសហគមន៍ គឺជាកង្វល់ដ៏ធំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងខណៈពេលដែលកំពុងមានលំហូរចូលនៃប្រជាពលរដ្ឋខ្មែរមកពីក្រៅប្រទេសវិញនោះ ។

ក្នុងកិច្ចប្រជុំនោះ បើទោះជាមានការលើកឡើង ស្តីអំពីបទពិសោធន៍ជាក់ស្តែងផ្សេងៗគ្នា ទៅតាមលទ្ធភាពរបស់បណ្តាស្រុកនានានោះក៏ដោយ ក៏ប៉ុន្តែលទ្ធផលជារួម បានទទួលស្គាល់ថា គិតត្រឹមថ្ងៃទី២៨ខែមេសានេះ ប្រជាពលរដ្ឋខ្មែរចំណូលស្រុកមកពីក្រៅប្រទេសវិញប្រមាណជាង១ម៉ឺននាក់ ក្រោយពីការយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដោយឡែ១៤ថ្ងៃ មន្រ្តីជំនាញពុំបានរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-១៩ នៅក្នុងចំណោមប្រជាពលរដ្ឋទាំងនោះឡើយ៕

អត្ថបទទាក់ទង