រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ចំនួន ៨គ្រួសារ (រលំ១ខ្នង របើកដំបូល៦ខ្នង និងរបួស១នាក់) នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

មានប្រសាសន៍នាឱកាសនោះ លោកលេខាធិការគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរលោកក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។
- គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។
- អ្នករបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ៤សែនរៀល៕

អត្ថបទទាក់ទង