រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម

  • 2
  • ដោយ vannak

នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំកម្មវិធីចែកសម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារចំនួន ៦០នាក់ ដែលទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កុមារគោលដៅនៅក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ដើម្បីផ្តល់កិច្ចគាំពារ និងទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងមានវត្តមានអញ្ជើញចូលរួម ពីលោក លោកស្រី អធិការ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យអប់រំ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមមេឃុំ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ នាយប៉ុស្តិ៍ នាយកសាលា លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាលកុមារ និងកុមារគោលដៅ សរុប ១០១នាក់ ស្រី ៧៦នាក់ នៅសាលាបឋមសិក្សាសិលា ស្ថិតនៅក្នុងឃុំដានរុន ស្រុកសូទ្រនិគម។

ថ្លែងនៅក្នុងកិច្ចស្វាគមន៍ លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាការងារកិច្ចអន្តរាគមន៍ស្នូល លើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិត និងកសិឧស្សាហកម្ម ដែលក្រសួង-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តតាំងពីឆ្នាំ២០១៧ ដោយបានធ្វើការជ្រើសរើសកុមារគោលដៅ ដែលមានឪពុកម្តាយធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ ដើម្បីធ្វើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងការបោះបង់ការសិក្សា ដោយបានធ្វើការគាំទ្រជា សម្ភារសិក្សា សម្លៀកបំពាក់ កង់ កាបូប ស្បែកជើង សៀវភៅ ប៊ិច និងគាំទ្រលើការសិក្សាបំប៉នរយៈពេល០៣ខែ ដល់កុមារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលបំណិនជីវិតអំពីការចិញ្ចឹមសត្វ ការដាំដំណាំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងបានផ្តល់ជូននូវពូជមាន់ និងបន្លែផងដែរ។

មានប្រសាសន៍ក្នុងនៅក្នុងពិធីនេះផងដែរ លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) បានធ្វើការគាំទ្រក្រសួង-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការអនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូល ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តច្បាប់ គោលនយោបាយជាតិ អនុសញ្ញាជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់ប្រព័ន្ធនៃកិច្ចគាំពារកុមារពីការរំលោភបំពាននានា ដើម្បីឧត្តមប្រយោជន៍របស់កុមារដែលពួកគេត្រូវទទួលបាន។ លោកជំទាវបានបន្តទៀតថា ពលកម្មកុមារ គឺជាបញ្ហាដែលមានលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ ការកេងប្រវ័ញ្ចពលកម្មលើកុមារ គឺជាការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការអប់រំ ការអភិវឌ្ឍន៍ និងការរស់រាន់របស់កុមារនៅថ្ងៃអនាគត។ ដើម្បីទប់ស្កាត់ ឬលុបបំបាត់ពលកម្មកុមារបាន មិនអាចមានតែក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្នាក់ឯងអនុវត្តបានទេ គឺទាមទារឱ្យយើងទាំងអស់គ្នានៅទីនេះ ត្រូវចូលរួមសហការ អនុវត្តទាំងអស់គ្នា ស្របតាមតួនាទី ភារកិច្ច និងតាមលទ្ធភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងនោះក៏ត្រូវមានការចូលរួមពី ម្ចាស់សិប្បកម្ម អាណាព្យាបាលកុមារ និងកុមារខ្លួនឯងផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បានធ្វើការអំពាវនាវ ឱ្យមានការចូលរួម ទប់ស្កាត់ពលកម្មកុមារ នៅក្នុងមូលដ្ឋាន ដូចខាងក្រោម៖ ទី១. នៅសាលារៀន គឺយើងមានគ្រូបង្រៀនជាអ្នកតាមឃ្លាំមើលក្មេងធ្វើម៉េចកុំឲ្យគាត់ចេញពីសាលារៀនទៅធ្វើការ ។ទី២.អាជ្ញាធរភូមិឃុំ ធ្វើការគ្រប់គ្រង និងតាមដានតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់កុំឲ្យកុមារ ចូលទៅកន្លែងធ្វើការ ពិសេសនៅក្នុងរង្វង់សិប្បកម្មផលិតឥដ្ឋ។ទី៣. អាណាព្យាបាលកុមារ ដែលធ្វើការ ឬស្នាក់នៅក្នុងបរិវេណសិប្បកម្ម ហាមដាច់ខាតនាំកូនចូលទៅក្នុងបរិវេណនៃសង្វាស់ផលិតកម្ម ឬ ប្រើប្រាស់ពលកម្មកុមារ ហើយត្រូវបញ្ចូនកូនឱ្យចូលរៀនឱ្យបានគ្រប់ៗគ្នា។និងទី៤. និយោជក ឬ ម្ចាស់សិប្បកម្ម ត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវជ្រើសរើសកុមារក្រោមអាយុ ១៥ឆ្នាំឲ្យចូលធ្វើការ ហើយក្រុមអធិការកិច្ចការងារ ត្រូវចុះទៅពិនិត្យលក្ខខណ្ឌការងារ ហើយទប់ស្កាត់កុមារមិនឲ្យចូលធ្វើការ។

អត្ថបទទាក់ទង