រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

លោកអភិបាលស្រុកចុះពិនិត្យការស្នើសុំសាងសង់ផ្ទះជាមួយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរានៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ លោក សូរ ប្លាតុង អភិបាលស្រុក និងក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះពិនិត្យការស្នើសុំសាងសង់សំណង់លំនៅដ្ឋាន ១គ្រួសាររបស់លោកស្រី ស៊ុយ ឆយ ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលលំនៅដ្ឋានរបស់លោកស្រីបានដួលរលំកាលពីពេលកន្លងមក។ ក្រុមការងារបានឯកភាពតាមសំណើ ក្រោយបានពិនិត្យជាក់ស្តែងនិងលោកស្រីមានឯកសារគ្រប់គ្រាន់នឹងលក្ខខណ្ឌដែលតម្រូវត្រឹមត្រូវ។

ការចុះពិនិត្យស្នើសុំជួសជុល និងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរចំនួន ១៥២៣គ្រួសារ ក្នុងនោះបានអនុញ្ញាតជូន​ប្រជា​ពលរដ្ឋចំនួន ១១១០គ្រួសារ ។​ ករណីអនុញ្ញាតខាងលើបានផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​​ ស្រុកប្រាសាទបាគង ចំនួន ១១៤គ្រួសារ ស្រុកអង្គរធំចំនួន៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។

តាមរបាយការណ៍៤ខែដើមឆ្នាំ២០២០ របស់ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗ​និងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់​ផ្ទះក្នុងឧទ្យានអង្គរ។

ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ ១.ការជួសជុលផ្ទះ៖​ ការជួសជុលឬប្តូរដំបូល ការជួសជុលឬប្តូរជញ្ចាំង ការជួសជុលឬប្តូរសសរ១ឬ២ដើម ជួសជុលឬប្តូរសំយ៉ាប ជួសជុល ជណ្តើរ ជួសជុលរបងមានស្រាប់ កបន្ទប់ក្រោមផ្ទះ។
២.សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រង់មាន់ ទា ជ្រូក សង់ជង្រុកស្រូវ សង់តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំ​មានការបង់ប្រាក់​ទេ៕

អត្ថបទទាក់ទង