កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ស្ថិតនៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់។ ថ្ងៃ២០ មិថុនានេះ គឺជាខួបទី៤៣ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលវីរជនរបស់យើង ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកជីវិតទៅប្រថុយ ក្នុងដំណើរដ៏សែនគ្រោះថ្នាក់និងលំបាកវេទនា ដើម្បីស្វែងរកជំនួយពីប្រទេសវៀតណាម មករំដោះជាតិមាតុភូមិពីរបបអាវខ្មៅ។ បើគ្មានការលះបង់នាថ្ងៃនោះទេ យើងក៏គ្មានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ៕
