រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ពេលជួបវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌របស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកស្រី ឡេង ផល្លី នាយិកា ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍ថ្ងៃ អាទិត្យ ទី ០៩ ខែ សីហា ឆ្នាំ២០២០ នៅបរិវេណ វត្តប្រាសាទគោកចក សង្កាត់គោកចក ដោយមានការចូលរួមពីលោកចៅសង្កាត់ ផងដែរ ។ លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់គោកចក មួយ ចំនួនតូចជាប្រជាកសិករ និង មួយចំនួនធំប្រកបការងារក្នុងវិស័យទេសចរណ៍ ។ លោកបានបន្តទៀតថា ដោយបញ្ហានៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពអាស្រ័យលើវិស័យទេសចរណ៍ បានរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ សំខាន់ចំពោះចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និង អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ។ លោកក៏បានធ្វើការថ្លែងអំណរ គុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់លោកស្រីនាយិកាចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្រីក្រ និង រងផលប៉ះពាល់ពេលជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ ។ លោកចៅសង្កាត់ក៏បានសំណូមពរដល់លោកស្រីនាយិកា សូមបន្តនូវប្រពៃណីការចែករំលែក ប្រកបដោយមនុស្សធម៌នេះ ទៅតាមបណ្តាមូលដ្ឋានផ្សេងៗទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ។បន្ទាប់ពីការបង្ហាត់បង្ហាញ អំពីការលាងសម្អាតដៃ ដើមី្បធ្វើការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ការឆ្លងរីករាលដាលនូវ ជម្ងឺកូវិដ១៩ រួចមកលោកស្រីនាយិកា ឡេង ផល្លី ក៏បានលើកឡើងពីគោលបំណងរបស់រ៉ូតថារីក្លឹបកម្ពុជា គឺដើមី្បបម្រើនៅក្នុងវិស័យមនុស្សធម៌ ដោយការប្រមូលនូវមូលនិធីពីសមាជិករបស់ខ្លួន តាមរយៈកម្មវិធីផ្សេងៗ ដូចជាការជឹះកង់ប្រមូលមូនិធិ ក្នុងការទ្រទ្រង់វិស័យមនុស្សធម៌ ។លោកស្រីនាយិកាបានបន្តទៀតថា ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩ និយាយដោយឡែកនៅកម្ពុជា បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ កត្តាសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋដែលបាន អាស្រ័យក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប នៅពេលដែលគ្មានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនោះ គឺធ្វើ ឲ្យបាត់បង់នូវចំណូលប្រចាំថ្ងៃ ហើយមួយចំនួនបានជួបការខ្វះខាតយ៉ាងខ្លាំងទៀតផង ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលបន្ទុកដ៏ធ្ងន់នេះ រ៉ូតថារីក្លឹបកម្ពុជា បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនគ្រួសារខ្វះខាតក្នុងសង្កាត់គោកចកនេះ ទោះបីអំណោយទាំងអស់នេះតិចតូចក្តី គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។ លោកស្រី ឡេង ផល្លី បានធ្វើការក្រើនរំលឹកដល់បងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម និងគ្រុនឈីក គឺ ត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ពលនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវ និង ដាំដុះដំណាំរួមផំ្ស ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។អំណោយបងប្អូនទទួលបាន មួយគ្រួសារ មាន អង្ករ ២០គក្រ មី ១កេស មុង១ ម៉ាស់ អាល់កុល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផង៕

អត្ថបទទាក់ទង