រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋ ១២៦គ្រួសារបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនតាមរយៈរដ្ឋបាលស្រុកពួក

កាលពីថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា ឃុំ ភូមិ រួមជាមួយលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជាបាននាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ១២៦គ្រួសារ នៅឃុំក្តីរុន និងឃុំព្រៃជ្រូក ស្រុកពួក ដែលជួបការលំបាករងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានថ្លែងថា អង្គការចក្ខុវិស័យកម្ពុជាបាបង្កើតឡើងក្នុងឆ្នាំ២០១៣ គឺដើមី្បបម្រើការងារមនុស្សធម៌ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកសកម្មភាពរបស់អង្គការ បានធ្វើសកម្មភាពនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទៅលើវិស័យទឹកស្អាត សាលារៀន បន្ទប់ទឹកអនាម័យនៅតាមមន្ទីរពេទ្យការឧបត្ថម្ភអ្នកសម្រាលកូនខ្វះខាតសម្រាកនៅតាមមណ្ឌលសុខភាព និងការផ្តល់នូវស្បៀងអាហារដល់គ្រួសារក្រីក្រនៅតាមឡឥដ្ឋ និងងាយរងគ្រោះទៀតផង។ ជាក់ស្តែង នៅពេលនេះអង្គការរបស់លោកនិងមូលនិធិកជាដៃគូ បាននាំយកស្បៀងអាហារមកផ្តល់ជូនប្រជាពលរដ្ឋចំនួន ១២៦គ្រួសារនៅស្រុកពួក ដែលកំពុងតែជួបការលំបាកខ្វះខាតនូវស្បៀងអាហារដោយរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ ដើម្បីជាវប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។ លោក ស៊ីន ចាន់ថុល អភិបាល បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការចក្ខុវិស័យកម្ពុជា និង ASEA Advancing Life Foundation និងរ៉ូតារីក្លិប និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើងបានកំពុងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ ។ ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗរបស់ខ្លួន និងធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណត្រូវទៅធ្វើនៅសាលាស្រុក។ លោក ក៏បានរំលឹកបន្ថែមដល់បងប្អូន សូមកុំភ្លេចអំពីបញ្ហាជំងឺកូវីដ-19 ពីព្រោះថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ-19 ដូច្នេះយើងត្រូវអនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ម្យ៉ាងទៀតនៅពេលទឹកស្រក សូមបងប្អូនត្រូវធ្វើអនាម័យជុំវិញលំនៅដ្ឋាន និង លប់បំបាត់នូវទី ជម្រកសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម និង គ្រុនឈិក ដែលកើតលើមនុស្សគ្រប់វ័យ ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ។អំណោយដែលជាគ្រឿងឧបភោគក្នុង១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១យួរ មី១០កញ្ចប់ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម សាប៊ូកក់សក់១២កញ្ចប់ និងទឹកដោះគោខាប់ ២កំប៉ុង ។

អត្ថបទទាក់ទង