
ក្នុងពិធីប្រកាសនេះ លោក អភិបាលរងខេត្ត បានមានមតិថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរបរិស្ថានខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យមានការរីកចម្រើនលើវិស័យ កិច្ចការពារបរិស្ថានក្នុងរយៈពេលកន្លងមក។ លោកក៏បានបន្ថែមទៀតថា ជាក់ស្តែង ក្នុងឆ្នាំ២០២០នេះ មន្ទីរបរិស្ថានខេត្ត បានអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរចំពោះកិច្ចការពារ បរិស្ថានដូចជា៖ ការគាំទ្របច្ចេកទេសដល់រដ្ឋបាលក្រុង-ស្រុកលើមុខងារគ្រប់គ្រង សំរាម-សំណល់រឹងទីប្រជុំជន ត្រួតពិនិត្យ និងផ្តល់យោបល់លើការស្នើសុំលិខិត អនុញ្ញាតបញ្ចេញសំណល់រឹង សំណល់រាវ ពិនិត្យ និងផ្តល់យោបល់លើពាក្យ ស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងមូលនិធិឃុំ/សង្កាត់ គម្រោង អាជីវកម្មធនធានរ៉ែ និងគម្រោងសាងសង់ផ្សេងៗ ដែលជាសេវាសាធារណៈនៅ អង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត តាមដាន និងពិនិត្យការបំពុល ខ្យល់សាធារណៈ និងគ្រប់គ្រងគុណភាពខ្យល់-ទឹកក្នុងខេត្ត ការអភិរក្សជីវៈចម្រុះ ចូលរួមលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការបង្រ្កាបបទល្មើស សត្វព្រៃ ការទប់ស្កាត់ការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ការដាំស្តារ ព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” និងរៀបចំ កំណត់ បែងចែកតំបន់គ្រប់គ្រង ព្រមទាំងការរៀបចំផែនការចុះបញ្ជីដីរដ្ឋនៅក្នុង តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាប។ សមិទ្ធផលទាំងអស់ខាងលើនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ទីរដែលសម្រេចបាន នាពេលកន្លងមក ហើយក៏ដូចជាការចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជា គុណប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ៗរូប។
ជាចុងក្រោយ លោកបានធ្វើការផ្តាំផ្ញើរ និងសូមចូលរួមចែករំលែកខ្លះៗ ផ្តល់នូវអនុសាសន៍មួយចំនួនជូនចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃមន្ទីរបរិស្ថាន ដូចខាងក្រោម :
-ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយរដ្ឋបាល ខេត្ត ព្រមទាំងមន្ទីរ-អង្គភាពនានាក្នុងខេត្ត
-ត្រូវបន្តរៀបចំធនធានមានសមត្ថភាពទៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់មន្ទីរ
-ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រង ត្រួតពិនិត្យ តាមដានការផ្តល់សេវា និង ការលើកទឹកចិត្តមន្រ្តីក្រោមឱវាទ
-ត្រូវមានគំនិតផ្តួចផ្តើម និងមនសិកាការងារខ្ពស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ
-ត្រូវបង្កើនការប្រមូលចំណូលជូនរដ្ឋឱ្យបានគ្រប់ផ្នែក
-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមផែនការសកម្មភាពឆ្នាំ២០២១ ដែលបាន គ្រោងទុក
-ត្រូវបន្តពង្រឹងការផ្សព្វផ្សាយនូវខ្លឹមសារលិខិតបទដ្ឋានគតិយុត្តនានាជូន ដល់មន្ត្រី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់
-ត្រូវអនុវត្តន៍ឲ្យម៉ត់ចត់នូវអភិក្រមទាំង៥ (១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុស- ក្អែល ៤.ព្យាបាល និង៥.វះកាត់) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕