
អង្គការហេហ្វឺអន្តរជាតិមានបេសកកម្ម ដើម្បីកាត់បន្ថយភាពអត់ឃ្លាន ភាពក្រីក្រ និងចូលរួមចំណែកថែរក្សាបរិស្ថានដោយចីរភាព។ អង្គការហេហ្វឺអន្តរជាតិបាន និងកំពុងធ្វើការជាមួយកសិករ និងសហគមន៍កសិកម្មរបស់ពួកគេ ដើម្បីកំណត់ អំពីតម្រូវការ និងការវិនិយោគលើកសិពាណិជ្ជកម្ម ដើម្បីទទួលបាននូវការបង្កើនប្រាក់ចំណូល និងមានជីវភាពរស់នៅប្រសើរឡើង។ ហេតុដូច្នេះ អង្គការហេហ្វឺអន្តរជាតិបានចូលរួមដោះស្រាយលើបញ្ហានានាដែលកសិករបាន និងកំពុងជួបប្រទះ ក្នុងការធានាបាននូវការរក្សាកំណើនសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ឲ្យបានល្អប្រសើរ។
មកដល់បច្ចុប្បន្ននេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានជួយដល់គ្រួសារកសិករចំនួន ៣៥,០០០គ្រួសារ ហេីយគ្រួសារកសិករទាំងនោះត្រូវបានកៀរគរ និងចងក្រងឲ្យមានឱកាសចូលរួមសកម្មភាពអភិវឌ្ឍសហគមន៍គំរូ ក្រុមជួយខ្លួនឯង និងការបង្កើតជាសហគមន៍កសិកម្ម ដែលយន្តការនេះអាចជួយឲ្យពួកគាត់ទទួលបាននូវបណ្តាញទីផ្សារផលិតផលកសិកម្ម និងហិរញ្ញវត្ថុ ដេីម្បីពង្រីកមុខរបរកសិពាណិជ្ជកម្មរបស់ពួកគាត់ ហេីយអង្គការបាន និងកំពុងផ្តួចផ្តើមរៀបចំគម្រោងសហគ្រាសលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិ ហេតុដូច្នេះ អង្គការបាន និងកំពុងអនុវត្តការសហការជាមួយសហគមន៍កសិកម្មចំនួន ៨នៅខេត្ត អាជ្ញាធរខេត្តសៀមរាប ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យលទ្ធភាពក្នុងការកសាង កសិដ្ឋានភ្ញាស់កូនមាន់ស្រែស្ដង់ដារ (Hatchery Enterprise)។
គោលបំណង នៃគម្រោងកម្មវិធីនេះ គឺដេីម្បីពន្លឿនការរីកលូតលាស់ នៃវិស័យកសិកម្មបសុសត្វតាមរយៈការវិនិយោគលេីសហគ្រាសផលិតផលមាន់ស្រែ កសិដ្ឋានភ្ញាស់កូនមាន់ស្រែស្ដង់ដារ និងគាំទ្រកសិកម្មខ្នាតតូច ឲ្យឈានទៅរកការបង្កេីតសហគ្រាសកសិកម្មខ្នាត-មធ្យម៕