
ពិធីនេះប្រារព្ធឡើង ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» ដោយរៀបចំ និងសហការជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពី ក្នុងគោលបំណងរំលេចពីការចូលរួមចំណែកដ៏ចម្បងរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិការណ៍ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ ស្របតាមការគាំទ្រ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ក៏សូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងលោកជំទាវ ជូនចំពោះលោកគ្រូ អ្នកគ្រូ បងប្អូនក្មួយៗ សិស្សានុសិស្សទាំងអស់ ទោះបី សម្តេចពិជ័យ មិនបានចុះមកផ្ទាល់ក្ដី ប៉ុន្តែ សម្តេច តែងតែគិតគូរពីសុខទុក្ខក្មួយៗគ្រប់រូប គ្រប់ពេលវេលា គ្រប់ទីកន្លែង ។
ឯកឧត្តម បានបន្តថា ស្របពេលពិភពលោក បាននិងកំពុងទទួលរងនូវការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងហ្មត់ចត់ និងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងការរីករាតត្បាតនៃជំងឺកូវីដ១៩នេះ និងបានធ្វើឲ្យកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងទាន់ពេលវេលា ព្រមទាំងបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានឲ្យស្ថិតក្នុងរង្វង់ ដែលអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការចាំបាច់ខាងផ្នែកសង្គមសេដ្ឋកិច្ចជាបន្តបន្ទាប់។ វិធានការទាំងនោះ បាននិងកំពុងឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ សេវាកម្ម និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម សូមផ្តាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបងប្អូនទាំងអស់ចូលរួមរស់នៅតាមគន្លងថ្មដោយអនុវត្ត ៣កុំ និង៣ការពារ ៖
-៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
-៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់៕