
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនា ភក្តីភាពដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ដែលសម្តេចបានខិតខំ យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មដឹកនាំ ស្ថាប័នព្រឹទ្ធសភា ដែលជាអង្គការនីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការវិវត្តន៍រីកចម្រើនឥតឈប់ឈរ ពិសេសការកសាងច្បាប់នានាជាច្រើន ក្នុងអាណត្តិព្រឹទ្ធសភានាពេលកន្លងមក និងបន្តដឹកនាំនៅក្នុងអាណត្តិទី៦នេះ សំដៅពង្រឹង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ ព្រមជាមួយនេះដែរ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ក៏បានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយទឹកចិត្តជ្រះថ្លាក្នុងការកសាងសមិទ្ធផល នានាជាច្រើនសម្រាប់សង្គមជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទូទៅ និងទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា ថែរក្សា ព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យ សព្វសារធុការពរ ជូនសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។