
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅក្នុងថ្ងៃនេះ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប និងឈានដល់ចំណុចដែលមានការព្រួយបារម្ភខ្ពស់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនក្នុងសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ដែលធ្លាប់បានចេញចូលក្នុងផ្សារក្រោម ផ្សារវត្តអធ្វា និងផ្សារពោធិ៍បន្ទាយជ័យ សូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ អ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោម និងផ្សារ វត្តអធ្វា ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។